កាត់ទោសជនក្លែងជាទីប្រឹក្សាលោក ជា ស៊ីម
លោក ហេង សុខណា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងថា ឈ្មោះ ឆេង ភិរម្យ ហៅ សុខ ចាន់ថា ឬ ហេង ចាន់ថា ឬ សុខ ណារិន អាយុ៥២ឆ្នាំ គ្មានមុខរបរច្បាស់លាស់ ត្រូវតុលាការចោទពីបទឆបោកនិងការក្លែងតួនាទីជាមន្រ្តីសាធារណៈ។ គាត់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៧ កក្កដា ២០១២ ពាក់ព័ន្ធនឹងការប្រើតួនាទីក្លែងក្លាយជាទីប្រឹក្សាប្រធាន ព្រឹទ្ធសភា លោក ជា ស៊ីម និងជាជំនួយការផ្ទាល់របស់លោក ប៊ុន អ៊ុយ ដែលជារដ្ឋលេខាធិការនៅទីស្តីការគណៈរដ្ឋមន្រ្តី ដោយបោកប្រាក់ចំនួន១ពាន់ដុល្លារអាមេរិក ពីលោក ហាស់ វ៉ារី ដែលជាមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់ និងជាពាណិជ្ជករខ្មែរអ៊ិស្លាមមានទ្រព្យធនម្នាក់នៅក្នុងប្រទេស។
លោកថ្លែងបន្តថា៖ «គាត់បានក្លែងខ្លួនធ្វើជាទីប្រឹក្សាសម្តេច ជា ស៊ីម និងជំនួយការផ្ទាល់របស់ ឯកឧត្តម ប៊ុន អ៊ុយ ដើម្បីបោកប្រាក់ចំនួន១ពាន់ដុល្លារអាមេរិកពីឯកឧត្តម ហាស់ វ៉ារី ដោយកុហកគាត់ថា ឯកឧត្តម ប៊ុន អ៊ុយ សុំខ្ចីប្រាក់ឯកឧត្តម ហាស់ វ៉ារី ចំនួន ១ពាន់ដុល្លារសម្រាប់ថ្លៃធ្វើដំណើរ[របស់ឯកឧត្តម ប៊ុន អ៊ុយ] អមដំណើរជាមួយសម្តេច ជា ស៊ីម ទៅបរទេស»។
លោកបញ្ជាក់ថា សកម្មភាព ឆបោករបស់គាត់ត្រូវបានដឹងដោយ ឯកឧត្តម ហាស់ វ៉ារី បន្ទាប់ពីគាត់ទូរស័ព្ទទៅឯកឧត្តម ប៊ុន អ៊ុយ សួរអំពីការខ្ចីប្រាក់លោកនោះ។
លោកបន្តថា គាត់ត្រូវបានចាប់ខ្លួនដោយនគរបាលនៅពេលគាត់កំពុងព្យាយាមបើក ប្រាក់៣០០ ដុល្លារទៀតពីឯកឧត្តម ហាស់ វ៉ារី នៅផ្ទះលោកក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
លោក ជា ម៉េត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីបានថ្លែងថា បើយោងតាមរបាយការណ៍របស់នគរបាល ឆេង ភិរម្យ មានឈ្មោះច្រើន ដូចជា ហេង ចាន់ថា ឬ ឆេង ភិរម្យ ឬ សុខ ណារិន ប៉ុន្តែឈ្មោះពិតរបស់គាត់គឺ សុខ ចាន់ថា។
លោកបានបន្ថែមថា សុខ ចាន់ថា បានប្រើតួនាទីក្លែងក្លាយដើម្បីបោកប្រាក់រាប់ពាន់ដុល្លារ ពីមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់ដោយប្រើល្បិចថា សម្តេច ជា ស៊ីម ចង់បានប្រាក់សម្បុរសដើម្បីសាងសង់អគារផ្សេងៗ ឬហេដ្ឋារចនាសម្ព័ន្ធ ឬមណ្ឌលសុខភាព សម្រាប់ជនក្រីក្រ។ ប្រាក់ដែលប្រមូលពីមន្រ្តីទាំងនោះ គាត់យកទៅលេងល្បែងក្នុងកាស៊ីណូនៅបាវិត ខេត្តស្វាយរៀង និងកាស៊ីណូនៅព្រំដែនកម្ពុជា‑វៀតណាម។
លោកថ្លែងថា៖«ផ្អែកតាមភ័ស្តុតាង គាត់មានទោសកំហុស។ ហេតុដូច្នេះ ចៅក្រមស៊ើបសួរសូមឲ្យរក្សាបទចោទប្រកាន់គាត់ និងសូមឲ្យចៅក្រមដាក់ទោសគាត់ទៅតាមច្បាប់»។
ក្នុងអំឡុងសវនាការកាលពីម្សិលមិញ ឆេង ភិរម្យ បដិសេធលើបទចោទប្រកាន់លើរូបខ្លួន ហើយថា គាត់មានឈ្មោះតែមួយប៉ុណ្ណោះ។ ប៉ុន្តែ គាត់សារភាពថា គាត់និងមិត្តភក្តិឈ្មោះ សុខ ណារិន ដែលកំពុងគេចខ្លួន ពិតជាទទួលប្រាក់១ពាន់ដុល្លារពីលោក ហាស់ វ៉ារី មុនពេលមានការចាប់ខ្លួនពិតមែន ហើយថា ប្រាក់នោះគឺជាប្រាក់សប្បុរសរបស់ លោក ហាស់ វ៉ារី ដែលបានផ្តល់ឲ្យទៅពួកគាត់នោះទេ។
សាលក្រមរឿងក្តីនេះនឹងប្រកាសនៅថ្ងៃទី១០មេសា៕ PS