ហេតុអ្វីកូរ៉េខាងជើងញញើត B-2 របស់អាមេរិក?
កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន កងទ័ពអាកាសអាមេរិកបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-2 ពីរគ្រឿងទៅកាន់កូរ៉េខាងត្បូង និងបានហោះក្រវែល
សាកល្បងលើដែនអាកាសកូរ៉េខាងត្បូង
ដើម្បីធានាសុវត្ថិភាពដល់សម្ព័ន្ធមិត្តរបស់ខ្លួន គឺកូរ៉េខាងត្បូង
និងជប៉ុនដែលគ្រុនក្ដៅ
ដោយសារកូរ៉េខាងជើងគំរាមវាយប្រហារនុយក្លេអ៊ែរក្នុងពេលរយៈថ្មីៗនេះ។
គ្រាន់
តែ B-2 អាមេរិកមកដល់កូរ៉េខាងត្បូងភ្លាម
កូរ៉េខាងជើងអន្ទះសានៅមិនសុខក្នុងចិត្តរង្គោះរង្គើ
ដែលញ៉ាំងឲ្យមេដឹកនាំលោក គីម ជុងអ៊ុន
សម្រេចចិត្តចុះហត្ថលេខាភ្លាមៗកាលពីយប់ថ្ងៃព្រហស្បតិ៍
ដើម្បីវាយអាមេរិក និងកូរ៉េខាងត្បូង
ក្នុងករណីមានការរំលោភបំពានណាមួយនោះ។

ថ្ងៃ សៅរ៍ កូរ៉េខាងជើងបានប្រកាសសង្គ្រាមជាមួយកូរ៉េខាងត្បូង។ ក្នុងករណីមានការបង្ករឿងណាមួយ កូរ៉េខាងជើងនឹងធ្វើសង្គ្រាមនុយក្លេអ៊ែរយ៉ាងពេញទំហឹងតែម្ដង។
ព្រឹត្តិការណ៍ ទាំង ៣ ជាប់ៗគ្នានេះ កើតឡើងភ្លាមៗបន្ទាប់ពី អាមេរិកសម្ញែងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-2 នៅកូរ៉េខាងត្បូង។ តើ B-2 អាមេរិក មានអ្វីអស្ចារ្យ បានធ្វើឲ្យកូរ៉េខាងជើងនៅមិនសុខ?
B-2 ដែលមានឈ្មោះដើមថា B-2 Spirit គឺជាយន្តហោះចម្បាំងទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់អាមេរិក និងជាប្រភេទយន្តហោះបំបាំងកាយ (រ៉ាដាសត្រូវចាប់មិនបាន) ឬ Stealth Bomber ដែលអាចហោះហើរបានដល់ទៅ ៤៤ ម៉ោងឯណោះ។ វាអាចទម្លាក់គ្រាប់បែកធម្មតាក៏បាន គ្រាប់បែកនុយក្លេអ៊ែរក៏បាន។
វាមានសមត្ថភាពទម្លាក់គ្រាប់បែក ស្វ័យនាំផ្លូវដោយប្រើប្រព័ន្ធកំណត់ទីតាំង JDAM GPS ចំនួន ៨០ គ្រាប់ (ទម្ងន់ ២៣០ គីឡូក្រាមក្នុងមួយគ្រាប់) និងគ្រាប់បែកនុយក្លេអ៊ែរ ១៦ គ្រាប់ (ទម្ងន់ ១.១០០ គីឡូក្រាមក្នុងមួយគ្រាប់)។

ទសវត្សរ៍ឆ្នាំ ១៩៨០ មន្ទីរប៉ង់តាហ្គោន គ្រោងទិញយន្តហោះនេះ ១៣២ គ្រឿង ដើម្បីបំពេញបេសកកម្មចូលក្នុងដែនអាកាសសហភាពសូវៀត ដោយមិនឲ្យរ៉ាដាចាប់បាន។ ប៉ុន្តែ កម្មវិធីនេះ ត្រូវសភាអាមេរិកកាត់បន្ថយមកត្រឹម ២១ គ្រឿងវិញ បន្ទាប់ពីជញ្ជាំងក្រុងប៊ែរឡាំងដួលរលំនៅឆ្នាំ ១៩៨៩ មក។
យោង តាម Wikipedia បានឲ្យដឹងថា B-2 មួយគ្រឿងមានតម្លៃ ៧៣៧ លានដុល្លារអាមេរិក (ឆ្នាំ១៩៩៧) ខណៈដែលតម្លៃសរុបសម្រាប់កម្មវិធីលើយន្តហោះមួយគ្រឿងមានតម្លៃ ២,១ ពាន់លានដុល្លារអាមេរិក (ឆ្នាំ ១៩៩៧) ឯណោះ ដែលតម្លៃនេះបូកទាំងតម្លៃផលិត ដំឡើង គ្រឿងបន្លាស់ software និងការធ្វើតេស្ដ៕
