កម្ពុជាត្រូវបង្ហាញជំហរឱ្យបាន ច្បាស់លាស់ក្នុងសវនាការតុលាការយុត្តិធម៌អន្តរជាតិដោះស្រាយជម្លោះ គ្រប់គ្រងប្រាសាទព្រះវិហារ

តាមសេចក្តីថ្លែងការណ៍របស់តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ ចុះថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០១២ បានឱ្យដឹងថាតុលាការនេះនឹងបើកសវនាការរយៈពេល៥ថ្ងៃ ទៅលើសំណុំរឿងសាលក្រមឆ្នាំ១៩៦២ ដោយមានប្រទេសកម្ពុជាគឺជាដើមចោទ ហើយប្រទេសសៀម គឺជាចុងចម្លើយ។ សវនាការនោះចាប់ផ្តើមនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៣ គឺនៅថ្ងៃទី១៥ មេសា ភាគីកម្ពុជាបំភ្លឺដល់តុលាការតាមពាក្យបណ្តឹងរបស់ខ្លួនហើយ នៅថ្ងៃទី១៧ ខែមេសា ភាគីសៀមត្រូវបំភ្លឺតទល់នឹងការចោទប្រកាន់របស់ដើមចោទ។ នៅថ្ងៃទី១៨ ខែមេសា ភាគីកម្ពុជាត្រូវបំភ្លឺដល់តុលាការបន្តទៀត ហើយនៅថ្ងៃទី១៩ខែមេសា ភាគីសៀម ត្រូវផ្តល់សំអាងការពារខ្លួនតាមការតម្រូវរបស់តុលាការ។ បន្ទាប់ពីបើកសវនាការរួច តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ ត្រូវការពេលវេលាជាច្រើនខែទៀត ដើម្បីចេញសេចក្តីសម្រេចបើ តាមការប៉ាន់ស្មានគឺសេចក្តីសម្រេច របស់តុលាការអាចកើតឡើងនៅអំឡុងខែតុលាខាងមុខ។
ក្រុមមន្ត្រីសង្គមស៊ីវិលមួយចំនួនដែលតាមដានសំណុំរឿង ប្រាសាទព្រះវិហារតាំងពីដើមទីបានវាយតម្លៃ ថាតុលាការយុត្តិធម៌អន្តរជាតិ នឹងអាចធ្វើសេចក្តីសម្រេចចិត្តរបស់ខ្លួន ដោយផ្អែកលើមូលដ្ឋានច្បាប់ត្រឹមត្រូវស្រប ទៅតាមសាលក្រមចុះថ្ងៃ ទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ជាមិនខាន។ប៉ុន្តែទោះជាយ៉ាងណា គេរង់ចាំមើលភាគីកម្ពុជា និងភាគីសៀមបកស្រាយនៅក្នុងសវនាការរបស់តុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ ជាមុនសិន ព្រោះភាគីសៀមបានប្រឹងប្រែងសព្វបែបយ៉ាង ដើម្បីទប់ទល់ជាមួយកម្ពុជា។ ភា គីសៀម នៅតែបង្ហាញភាពគឃ្លើនក្នុងការចង់ដណ្តើមគ្រប់គ្រងប្រា សាទព្រះវិហារ តទៅទៀត ទោះបីសាលក្រមឆ្នាំ១៩៦២ បានបញ្ជាក់យ៉ាងច្បាស់ថាប្រាសាទព្រះវិហារ និងតំបន់ជុំវិញនោះ ស្ថិតនៅក្នុងដែនអធិប តេយ្យភាពរបស់កម្ពុជាយ៉ាងណាក៏ដោយ។ រដ្ឋាភិបាលក្រុងបាងកក នៅតែយកដីទំហំ ៤,៦ គីឡូម៉ែត្រក្រឡា នៅតំបន់ប្រាសាទព្រះវិហារធ្វើជាលេស បើទោះបីសាលក្រមឆ្នាំ ១៩៦២ បានបញ្ជាក់ច្បាស់លាស់ថាប្រាសាទព្រះវិហារ និងតំបន់ជុំវិញនោះជាកម្មសិទ្ធិរបស់កម្ពុជារួចទៅហើយ។
ទាក់ទងទៅនឹងបញ្ហាប្រាសាទព្រះវិហារនេះដែរ ក្រុមជ្រុលនិយមក្នុងប្រទេសសៀម បានប្រកាសរួចជាស្រេចថានឹងមិនទទួលយកសេច ក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ ដែលបើកសវនាការបកស្រាយខ្លឹមសារ សាលក្រមឆ្នាំ១៩៦២នោះទេ។ ក្រុមជ្រុលនិយមក្នុងប្រទេសសៀមបានសរសេរលិខិតទៅក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ និងតុលាការយុត្តិធម៌អន្តរជាតិអំពីជំហររបស់សៀម ថាសៀមបានដកខ្លួនចេញពីសមាជិកតុលាការនេះតាំងពីឆ្នាំ១៩៦២ ក្រោយពេលចាញ់ក្តីកម្ពុជាក្នុងសំណុំរឿងដណ្តើមគ្រប់គ្រង ប្រាសាទព្រះវិហារ។ ក្រុមមេដឹកនាំជ្រុលនិយមសៀមបានត្រៀម ផ្ញើលិខិតដែលមានហត្ថលេខាប្រជា ជនសៀម១,៤៥ លាននាក់ចំពោះការមិនទទួលស្គាល់ចំណាត់ការ របស់តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ។ លើសនេះទៅទៀតក្រុមជ្រុលនិយមក្នុងប្រទេសសៀម បានជំរុញឱ្យរដ្ឋាភិបាល របស់នាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត្រា ចាត់វិធានតទល់ឱ្យបានខ្លាំងក្លាជាមួយភាគី កម្ពុជានៅក្នុងសវនាការរបស់តុលាការយុត្តិ ធម៌អន្តរជាតិ នៅពាក់កណ្តាលខែមេសា ហើយរដ្ឋមន្ត្រីការបរទេសសៀម សូ៊រ៉ាពង្ស តូវីចាក់ឆៃគុល ជាអ្នកទទួលខុសត្រូវទាំងស្រុងចំពោះបញ្ហានេះ។
ក្រុមអ្នកសង្កេតការណ៍ឯករាជ្យក្នុងប្រទេសកម្ពុជាបានវាយតម្លៃថាបើ ផ្អែកតាមមូលដ្ឋានច្បាប់ គឺកម្ពុជាអាចយកឈ្នះលើសៀមដោយស្រួលនៅក្នុងសវនាការរបស់តុលាការ យុត្តិធម៌អន្តរជាតិពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០១៣។ ប៉ុន្តែអ្វីដែលគួរឱ្យព្រួយបារម្ភនោះគឺរដ្ឋាភិបាលលោក ហ៊ុន សែន បានបោះបង់ចោលយន្តការអន្តរជាតិ ហើយប្រកាន់យកយន្តការទ្វេភាគីចរចាជាមួយសៀម ក្នុងការដោះស្រាយជម្លោះព្រំដែន ក្បែរប្រាសាទព្រះវិហារដែលអូសបន្លាយតាំងពីថ្ងៃទី១៥ កក្កដា ឆ្នាំ២០០៨ រហូតមកដល់បច្ចុប្បន្ន។ ជាក់ស្តែងរដ្ឋាភិបាលលោក ហ៊ុន សែន មិនបានប្រើប្រាស់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មកធ្វើជាគោលដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសសៀមប្រកបដោយ ប្រ សិទ្ធភាពទេ ហើយនៅតែចំណាយពេលចរចាទ្វេភាគីដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់ ។ លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន ហាក់ដូចជាគិតគូរពីរឿងអំណាច និងប្រយោជន៍ផ្ទាល់ខ្លួនធំជាងប្រយោជន៍ជាតិទឹកដីដែលជាហេតុធ្វើឱ្យ ភាគីសៀមធ្វើសកម្មភាពរំលោភបំពានលើទឹកដីខ្មែរយ៉ាងកំរោល។
សកម្មជនព្រំដែនរំពឹងថាតុលាការយុត្តិធម៌អន្តរជាតិ ក្រុងឡាអេនឹងផ្តល់យុត្តិធម៌ឱ្យកម្ពុជាដូចកាលពីឆ្នាំ១៩៦២ទាក់ទង នឹងសំណុំរឿង ដណ្តើមគ្រប់គ្រងប្រាសាទព្រះវិហារ ដែលត្រូវបានចុះបញ្ជីជាសម្បត្តិបេ តិកភណ្ឌពិភពលោកកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨។ អ្នកវិភាគឯករាជ្យមួយចំនួនបានលើកឡើងថាកាលពីឆ្នាំ១៩៦២តុលាការ យុត្តិធម៌អន្តរជាតិក្រុងឡាអេ ត្រូវបានផ្តល់យុត្តិធម៌ដល់កម្ពុជាម្តងរួចទៅហើយ ដូច្នេះនៅក្នុងឆ្នាំ ២០១៣នេះ តុលាការយុត្តិធម៌អន្តរ ជាតិអាចផ្តល់យុត្តិធម៌ដល់ប្រទេសកម្ពុជាម្តងទៀត ដោយផ្អែកទៅលើគោលការណ៍ច្បាប់។ក៏ប៉ុន្តែប្រការសំខាន់ គឺរដ្ឋាភិបាលកម្ពុជាត្រូវតែបង្ហាញអំពីជំហររឹងមាំរបស់ខ្លួនទាក់ ទងនឹងការដោះស្រាយបញ្ហាបូរណ ភាពទឹកដី ជាមួយសៀម ព្រោះមេដឹកនាំសៀមគ្រប់ជំនាន់មិនបានបោះបង់ចោលមហិច្ឆតា រំលោភឈ្លានពានទឹកដីប្រទេសកម្ពុជាតាម អំពើចិត្តនោះទេ។
តាមសេចក្តីរាយការណ៍ពីមន្ត្រីយោធាខ្មែរដែលឈរជើងនៅតំបន់ ប្រាសាទព្រះវិហារ បានឱ្យដឹងថាស្ថានការណ៍តាមតំបន់ព្រំដែនមានសភាពស្ងប់ស្ងាត់នៅមុនពេល តុលាការយុត្តិធម៌អន្តរជាតិបើកសវនាការបកស្រាយសាលក្រមឆ្នាំ១៩៦២ ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៣។ ទោះជាយ៉ាងណាកងទ័ពកម្ពុជាមានការប្រុងប្រយ័ត្នគ្រប់ពេលវេលាព្រោះ ការប្រឈមមុខដាក់គ្នារវាងទាហានសៀមនិងកងទ័ពខ្មែរភាគច្រើនកើតមាននៅ ដើមខែមេសាជារៀងរាល់ឆ្នាំ។ ជាក់ស្តែង មួយរយៈពេលចុងក្រោយនេះ ភាគីសៀមបានបញ្ជូនទាហាននិងអាវុធយុទ្ធភ័ណ្ឌមកកាន់តំបន់ព្រំដែន កាន់តែច្រើនឡើងៗហាក់ដូចជាត្រៀមប្រយុទ្ធជាមួយកងទ័ពកម្ពុជា រួចជាស្រេច។ ដោយឡែកនៅតាមតំបន់ព្រំដែន ក្នុងស្រុកអន្លង់វែង និងស្រុកបន្ទាយអម្ពិលខេត្តឧត្តរមានជ័យ ទាហានសៀមឈុតខ្មៅតែងតែចូលមករំខានការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ និងហាមឃាត់មិនឱ្យប្រជាពលរដ្ឋខ្មែរសាងសង់លំនៅដ្ឋាន និងដាំដំណាំលើដីតាមព្រំដែនទៀតផង។
ក្រុមអ្នកវិភាគស្ថានការណ៍ព្រំដែនខ្មែរ-សៀម បានលើកឡើងទៀតថាភាគីកម្ពុជាមានប្រៀបលើសៀមយ៉ាងខ្លាំងនៅក្នុងសវនាការ របស់តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ ព្រោះភាគីសៀមបាន បំពានយ៉ាងកំរោលទៅលើសាលក្រមចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។ ប៉ុន្តែអ្វីដែលគួរឱ្យព្រួយបា រម្ភនោះគឺមេបញ្ជាការយោធាសៀម ជាន់ខ្ពស់បានប្រកាសជាសាធារណៈរួចមកហើយថានឹងប្រើប្រាស់កម្លាំងយោធា ជាដំណោះស្រាយចុងក្រោយ ក្នុងជម្លោះដណ្តើមគ្រប់គ្រងប្រាសាទព្រះវិហារ។សំដីរបស់ អគ្គមេបញ្ជាយោធាសៀមឈ្មោះ ប្រាយុទ្ធ ចាន់អូ៊ចា នាពេលកន្លងមក គឺជាសក្ខីភាពបង្ហាញថាបើទោះបី តុលាការយុត្តិធម៌អន្តរជាតិសម្រេចឱ្យកម្ពុជាឈ្នះក្តីបន្តទៀត ក៏ភាគីសៀមមិនព្រមបញ្ឈប់សកម្មភាពរំលោភឈ្លានពានទឹកដីកម្ពុជាដែរ។ ដូច្នេះមេដឹកនាំខ្មែរជាពិសេសលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកំពុងកាន់អំណាចមិនត្រូវមានជំហរទន់ជ្រាយជាមួយរដ្ឋាភិបាលសៀម តទៅទៀតទេ ព្រោះមេដឹកនាំសៀម មិនព្រមលះបង់មហិច្ឆតារំលោភឈ្លានពានទឹកដីខ្មែរឡើយ។ មានន័យថាមេដឹកនាំខ្មែរមិនត្រូវមានសុ ទិដ្ឋិនិយមហួសហេតុចំពោះទំនាក់ទំនងរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរខ្មែរ-សៀមនោះទេ ព្រោះកន្លងមកសៀមមិនដែលអនុវត្តន៍តាមកិច្ចព្រមព្រៀង ឬពាក្យសន្យារបស់ខ្លួនម្តងណាឡើយ៕
