លោកប្រធានាធិបតី ចិន ស៊ី ជីនពីង ធ្លាប់បានព្រមានកូរ៉េខាងជើងដោយប្រយោលថា ចិននឹងមិនបណ្តោយឲ្យប្រទេសណាមួយបង្កអនាធិបតេយ្យ នៅក្នុងតំបន់អាស៊ីទេ
ស្ទើរតែគ្រប់គ្នាសុទ្ធតែដឹងថា នៅលើពិភពលោកយើងនេះ ប្រទេសដែលមានឥទ្ធិពលទៅលើកូរ៉េខាងជើងខ្លាំងជាងគេ គឺចិន។ ចិន គឺជាសម្ព័ន្ធមិត្តដ៏ចាស់ឆ្នាំរបស់កូរ៉េខាងជើង។ ទាហានចិនធ្លាប់ជួយកូរ៉េខាងជើង ក្នុងការច្បាំងទល់នឹងកងទ័ពកូរ៉េខាងត្បូង និងកងទ័ពអាមេរិក ក្នុងអំឡុងសង្រ្គាមកូរ៉េ។ រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ កូរ៉េខាងជើងអាចរស់បាន ទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច គឺអាស្រ័យដោយសារជំនួយពីចិន។
ហេតុដូច្នេះហើយបានជា គេនាំគ្នារំពឹងទៅលើចិន ក្នុងការជួយដោះស្រាយវិបត្តិកូរ៉េ នៅក្នុងពេលបច្ចុប្បន្ននេះ។ ប៉ុន្មានថ្ងៃមុននេះ គឺកូរ៉េខាងត្បូង ដែលបានទទូចឲ្យចិន ចេញមុខជួយនិយាយជាមួយមេដឹកនាំកូរ៉េខាងជើង ឲ្យបញ្ឈប់សកម្មភាព និងពាក្យសម្តីបង្កហេតុ។ នៅថ្ងៃសុក្រនេះ គឺមន្រ្តីជាន់ខ្ពស់អាមេរិកវិញម្តង ដែលបានទាមទារឲ្យចិនប្រើឥទ្ធិពលរបស់ខ្លួន ទៅលើមេដឹកនាំក្រុងព្យុងយ៉ាង ដើម្បីបញ្ចប់វិបត្តិ ចៀសវាងការបង្កអស្ថិរភាព នៅក្នុងតំបន់ ដែលនាំឲ្យខូចប្រយោជន៍ទាំងអស់គ្នា។
អ្នកវិភាគស្ទើរតែគ្រប់គ្នា សុទ្ធតែយល់ថា វិបត្តិនៅកូរ៉េ នៅពេលបច្ចុប្បន្ននេះ មិនផ្តល់ផលចំណេញអ្វីដល់ចិននោះទេ។ ផ្ទុយទៅវិញ វាមានតែបង្កបញ្ហាឈឺក្បាល ដល់មេដឹកនាំចិនទៅវិញ។ នាយកទីភ្នាក់ងារចារកិច្ចអាមេរិកថែមទាំងបានអះអាងជាសាធារណៈទៀតផង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ថា ចិនកំពុងតែ “ទើសចិត្ត” ខ្លាំង ចំពោះឥរិយាបថរបស់កូរ៉េខាងជើង។
បើយើងពិនិត្យឲ្យបានស៊ីជម្រៅទៅ ទង្វើបង្កហេតុរបស់កូរ៉េខាងជើង នៅពេលនេះ ថ្វីដ្បិតតែវាជាសកម្មភាព និងពាក្យសម្តីគំរាមដល់អាមេរិក ក៏ប៉ុន្តែ តាមពិតទៅ វាប៉ះពាល់ទៅដល់ផលប្រយោជន៍ចិន ច្រើនជាងអាមេរិក ពីព្រោះថា នៅពេលណា ដែលកូរ៉េខាងជើងគំរាមបង្កសង្រ្គាមកាន់តែខ្លាំង អាមេរិកកាន់តែមានលេស បង្កើនវត្តមានកងទ័ពរបស់ខ្លួន នៅក្នុងតំបន់ក្បែរៗប្រទេសចិន។
ដូចជាយើងបានឃើញស្រាប់ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ អាមេរិកបានបញ្ជូនគ្រឿងសព្វាវុធទំនើបៗ មកកាន់ប្រទេសកូរ៉េខាងត្បូង ដូចជា យន្តហោះទម្លាក់គ្រាប់បែកធុន B-52 និង ធុន B-2 (ដែលអាចទម្លាក់គ្រាប់បែកនុយក្លេអ៊ែរបាន), យន្តហោះចម្បាំងបំបាំងកាយ ធុន F-22 ព្រមទាំងនាវាចម្បាំងផ្ទុករ៉ាដា និងនាវាចម្បាំង ដែលមានប្រព័ន្ធខែលប្រឆាំងនឹងមីស៊ីលបាលីស្ទិក ជាដើម។ លើសពីនេះទៅទៀត អាមេរិកក៏បានប្រកាសផងដែរ ពីគម្រោងដំឡើងប្រព័ន្ធខែលការពារមីស៊ីល នៅលើកោះ Guam ដែលស្ថិតក្នុងមហាសមុទ្រប៉ាស៊ីហ្វ៊ិក។
ការបង្កើនវត្តមានទ័ពអាមេរិក នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងពេលដែលលោកអូបាម៉ាដាក់ចេញនូវនយោបាយការបរទេស ដោយផ្តោតអាទិភាពចម្បង មកលើតំបន់អាស៊ីបែបនេះ គឺសុទ្ធតែជាដំណឹងមិនល្អសម្រាប់ចិន។ ដូច្នេះ ចិនប្រាកដជាមិនចង់ឲ្យភាពតានតឹងនៅកូរ៉េពេលនេះ អូសបន្លាយតទៅទៀតនោះទេ ដើម្បីកុំឲ្យអាមេរិកមានលេសបង្កើនវត្តមានទ័ពរបស់ខ្លួន នៅក្នុងតំបន់នេះ។ ចិនចង់បញ្ចប់ភាពតានតឹងនៅកូរ៉េនេះ ជាងអាមេរិកទៅទៀត។ ក៏ប៉ុន្តែ សួរថា តើចិនអាចមានទឹកមាត់ប្រៃ និយាយទៅឲ្យមេដឹកនាំកូរ៉េខាងជើងស្តាប់តាមបានដែរឬទេ?
បើមើលមួយភ្លែតទៅ គេអាចនិយាយបានថា កូរ៉េខាងជើងរស់បាន គឺអាស្រ័យដោយសារជំនួយរបស់ចិន។ ដូច្នេះ ចិននិយាយគួរតែមេដឹកនាំកូរ៉េខាងជើងស្តាប់តាម ព្រោះថា បើមិនដូច្នេះទេ ចិនផ្តាច់ជំនួយ កូរ៉េខាងជើងនឹងត្រូវស្លាប់។ ក៏ប៉ុន្តែ សម្រាប់ចិន វាមិនមែនជារឿងងាយស្រួលបែបនេះទេ។ មិនងាយស្រួល ពីព្រោះថា ចិនមិនចង់ឲ្យរបបដឹកនាំកូរ៉េខាងជើងដួលរលំ។
សម្រាប់ចិន ការដួលរលំនៃរបបដឹកនាំកូរ៉េខាងជើងអាចបង្កបញ្ហាធំៗពីរដល់ចិន។ ទីមួយ វាអាចបង្កភាពអនាធិបតេយ្យ នាំឲ្យមានជនភៀសខ្លួនកូរ៉េខាងជើងរាប់លាននាក់ ហូរចូលទៅក្នុងទឹកដីចិន។ វិបត្តិជនភៀសខ្លួនកូរ៉េខាងជើងនេះអាចនឹងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ច របស់ចិន។
បញ្ហា ដែលគួរឲ្យបារម្ភសម្រាប់ចិនមួយទៀត គឺនៅត្រង់ថា ប្រសិនបើរបបកុម្មុយនិស្តកូរ៉េខាងជើងត្រូវដួលរលំ កូរ៉េទាំងពីរប្រាកដជានឹងត្រូវរួបរួមគ្នាជាប្រទេសតែមួយវិញ ហើយប្រទេសកូរ៉េថ្មីនេះ ប្រាកដជានឹងស្ថិតក្រោមការដឹកនាំរបស់មេដឹកនាំកូរ៉េខាងត្បូង បច្ចុប្បន្ន ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក។ ដូច្នេះ វាមានន័យថា អាមេរិកនឹងមានប្រទេសសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតមួយ នៅជាប់នឹងព្រំដែនរបស់ប្រទេសចិន ដែលមេដឹកនាំចិនជាទូទៅ ជាពិសេស មេដឹកនាំយោធា មិនចង់ឲ្យកើតមាន។
ដូច្នេះ សម្រាប់ចិន កូរ៉េខាងជើងជាបន្ទុកធ្ងន់ ដែលចិនត្រូវជួយផ្តល់ជំនួយ ដើម្បីរស់ ហើយមេដឹកនាំកូរ៉េខាងជើងបង្កបញ្ហាឈឺក្បាលដល់ចិនច្រើនមែន ក៏ប៉ុន្តែ បើទុកឲ្យរបបដឹកនាំកូរ៉េខាងជើងដួលរលំ គឺអាចនឹងបង្កបញ្ហាកាន់តែច្រើនជាងនេះទៅទៀត។ ដូច្នេះ មានតែបង្ខំចិត្តបន្តជួយឲ្យកូរ៉េខាងជើងតទៅទៀត។ ហើយបើតាមមើលទៅ មេដឹកនាំកូរ៉េខាងជើងក៏ទំនងជាដឹងដែរថា ចិនប្រាកដជាមិនសុខចិត្តទុកបណ្តោយឲ្យខ្លួនដួលរលំ។ នេះហើយដែលអាចជាចំណុចខ្សោយ ដែលចិនពិបាកនឹងដាក់សម្ពាធទៅលើមេដឹកនាំកូរ៉េខាងជើងឲ្យស្តាប់តាម ខ្លួនគ្រប់សព្វបែបយ៉ាងបាន៕ប្រភពពី (RFA)