ពហុកីឡាដ្ឋាន​ជាតិ​ថ្មី​ ត្រូវបាន​រាជរដ្ឋាភិបាល​បើក​ការដ្ឋាន​សាងសង់​ នៅ​ជាយក្រុង​


 


ប្លង់បង្ហាញទិដ្ឋភាព​ពហុ​កីឡាដ្ឋាន​ជាតិ​ថ្មី​ មរតកតេជោ
ពហុ​កីឡាដ្ឋាន​ជាតិ មរតក​តេជោ ដែល​ជា​ពហុ​កីឡាដ្ឋាន​ជាតិ​ធំ​ទំនើប លំដាប់​ខ្នាត​អន្តរជាតិ ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់ នា​ព្រឹក​ថ្ងៃ​សុក្រ ទី​១២​មេសា​នេះ​។ ពហុ​កីឡាដ្ឋាន​ជាតិ នៅ​ជាយ​ក្រុង គ្រោង​នឹង​សាងសង់​បញ្ចប់​ នៅ​ឆ្នាំ​២០២២។ តែ​ក្នុង​ដំណាក់កាល​ដំបូង រយៈពេល ៣២ ខែ នឹង​ត្រូវ​ចំណាយ​ថវិកា​ជិត ៣៩ លាន​ដុល្លារ​អាមេរិក។ ការ​សម្រេចចិត្ត​សាងសង់​ពហុកីឡាដ្ឋាន​ជាតិ​ថ្មី​នេះ ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​នៅ​ព្រឹក​មិញ​ថា មួយផ្នែក​ ដើម្បី​អភិវឌ្ឍ​​វិស័យ​កីឡា​របស់​កម្ពុជា និង​មួយ​ផ្នែក​ទៀត សម្រាប់​កម្ពុជា​ឈានឆ្ពោះ ទៅ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កីឡា​តំបន់​អាស៊ាន ហៅថា Sea Grame នៅ​ឆ្នាំ​២០២៣។​

ក្នុង​ពិធីបើក​ការដ្ឋាន​សាងសង់​ពហុ​កីឡាដ្ឋាន​ជាតិ​ថ្មី ដែល​មានឈ្មោះ​ថា “​មរតក​តេជោ​” នៅ​បាក់​​ខែ​ង ជិត​ស្ពាន​ព្រែក​ព្នៅ ជាយ​ទីក្រុង​ភ្នំពេញ នៅ​ព្រឹកថ្ងៃសុក្រនេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា ការចំណាយ​ថវិកា​សម្រាប់​សាងសង់​ពហុ​កីឡាដ្ឋាន​ជាតិ​ថ្មី​នោះ ត្រូវបាន​ធ្វើឡើង​តាមរយៈ​ថវិកា ដែល​បានមកពី​ការវិនិយោគ​ដី​សម្បទាន​របស់​រដ្ឋ ទៅឲ្យ​ក្រុមហ៊ុន​ឯកជន របស់​លោក​ឧកញ៉ា លី យ៉ុង​ផាត់ ដែល​លោក​នាយក​រដ្ឋមន្ត្រី ហៅថា ធ្វើ​តាម​រូប​ភាព “ស្លឹកត្នោត ខ្ចប់​ស្ករត្នោត”។​
ចំពោះ​ការជ្រើសរើស​យក​ទីតាំង ដែល​មាន​ចម្ងាយ ១៥ គីឡូម៉ែត្រ ពី​ទីប្រជុំ​ក្នុង​ក្រុង​ភ្នំពេញ ដើម្បី​សាងសង់​ស្តា​ត​ថ្មី​នេះ ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា នៅ​ទីតាំង​ដី​របស់​លោក លី យ៉ុង​ផាត់ ទៅ​ថ្ងៃមុខ នឹង​ក្លាយជា​ទីក្រុង​រណប ដោយ​មាន​សណ្ឋាគារ​ផ្កាយ​ប្រាំ និង​តារាង​វាយ​កូន​ហ្គោល ហើយក៏​មាន​ផ្លូវជាតិ​ឆ្លងកាត់​ខ្វាត់ខ្វែង​ផងដែរ។ ស្តា​ត​ថ្មី​នោះ ស្ថិតនៅ​ចន្លោះ​​ពី​ផ្លូវជាតិ​លេខ​៥ និង​ផ្លូវជាតិ​លេខ​៦ ជិត​ស្ពាន​ព្រែក​ព្នៅ។​

​ពហុ​កីឡាដ្ឋាន​ជាតិ​មរតក​តេជោ នឹង​ត្រូវ​សាងសង់​លើ​ផ្ទៃដី ទំហំ​ជាង ៨៥ ហិកតា ក្នុង​តំបន់​អភិវឌ្ឍន៍​របស់​លោក​ឧកញ៉ា លី យ៉ុង​ផាត់ សមាជិក​ព្រឹទ្ធសភា និង​ជា​មហាសេដ្ឋី អ្នកជំនួញ ចូល​ហ៊ុន​នឹង​អ្នកជំនួញ​ថៃ។​ សំណង់​ពហុ​កីឡាដ្ឋាន​ជាតិ​មរតក​តេជោ នឹង​ត្រូវ​សាងសង់​ជា ៣ ដំណាក់កាល​។ ដំណាក់កាល​ទី​១ មាន​រយៈពេល​សាងសង់ ៣២ ខែ មាន​មណ្ឌលកីឡា​ក្នុង​សាល​មណ្ឌល​កីឡាហែលទឹក សាល​ហាត់​កីឡា​ប្រយុទ្ធ អគារ​ស្នាក់នៅ អាហា​រដ្ឋា​ន​ និង​ទីលាន​ហ្វឹកហាត់​ក្រៅ​អគារ។

ក្នុង​ដំណាក់កាល​ទី​១​នេះ ត្រូវ​ចំណាយ​ថវិកា​ជិត ៣៩ លាន​ដុល្លារ។ ដំណាក់កាល​ទី​២ ប្រើ​រយៈពេល ៣៦ ខែ ដើម្បី​សាងសង់​កីឡាដ្ឋាន ដែល​អាច​ទទួល​ទស្សនិកជន​ប្រមាណ​ជាង ៧ ម៉ឺន​នាក់ និង​ដំណាក់កាល​ទី​៣ ប្រើ​រយៈពេល ៤០ ខែ មាន​សាល​វេជ្ជសាស្ត្រ វិទ្យាសាស្ត្រ​កីឡា និង​សាល​ហាត់​សាច់ដុំ សាល​កាយសម្ព័ន្ធ សាល​កីឡា​បាញ់​កាំភ្លើង មជ្ឈមណ្ឌល​កីឡា​ហុក​គី និង​សាល​កីឡា​ប្រពៃណី។

​តាម​លោកនាយក​រដ្ឋមន្ត្រី ពហុ​កីឡាដ្ឋាន​ជាតិ​ថ្មី​នោះ ត្រូវបាន​សាងសង់​ឡើង​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ ដែល​បាន​ធ្វើ​ការសិក្សា​ពីពហុ​កីឡាដ្ឋាន ឈៀង​ម៉ៃ របស់​ប្រទេស​ថៃ ពហុកីឡាដ្ឋាន​របស់​ឥណ្ឌូនេស៊ី និងពហុ​កីឡាដ្ឋាន​របស់​ប្រទេស​ភូមា។​

​ពហុ​កីឡាដ្ឋាន​ជាតិ មរតក​តេជោ នឹងត្រូវ​ប្រើប្រាស់​សម្រាប់​កម្ពុជា ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​ប្រកួត​កីឡា​ស៊ី​ហ្គេម នៅ​ឆ្នាំ​២០២៣​។ មួយវិញទៀត លោកនាយក​រដ្ឋមន្ត្រី ក៏​បាន​អះអាង​ថា ពហុ​កីឡាដ្ឋាន​ជាតិ​ថ្មី​នោះ ក៏​ដើម្បី​ពង្រឹង​វិស័យ​កីឡា ដែល​ជា​ផ្នែក​មួយ​នៃ​ការអភិវឌ្ឍន៍​ធនធានមនុស្ស​របស់​កម្ពុជា។​

ក៏​ប៉ុន្តែ​មហាជន មាន​ការព្រួយបារម្ភ​ថា នៅពេល​មាន​ស្តា​ត​ថ្មី​នោះ តើ​ពហុ​កីឡាដ្ឋាន​ជាតិ អូឡាំពិក ដែល​បន្សល់ទុក​ពី​សម័យ​សង្គមរាស្ត្រនិយម របស់​សម្តេច​ព្រះ​នរោត្តម សីហនុ មិនដឹងថា នឹង​ត្រូវ​លោក ហ៊ុន សែន ផ្ទេរ​ទៅឲ្យ​ក្រុមហ៊ុន​ឯកជន សាងសង់​​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ផ្ទះល្វែង​ទំនើប ដូច​តំបន់​នៅ​ជុំវិញ ឬ​យ៉ាងណា​ទេ?​ ប្រភពពី (RFI)

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.