អារាម​នៅ​ថៃ​លាយ​ជំនឿ​ពុទ្ធ​សាសនា និង​វិទ្យាសាស្រ្ត

អារាម​នៅ​ថៃ​លាយ​ជំនឿ​ពុទ្ធ​សាសនា និង​វិទ្យាសាស្រ្ត


130301_23a
ព្រះសង្ឃ​និមន្ត​ក្នុង​ទីធ្លាដ៏​ស្រស់ត្រកាល​នៃ​វត្ត​រ៉ុង​ឃុន ដែល​មាន​អារាម​សក្បុស នៅ​ក្រុង​ឈាង​រ៉ៃ ប្រទេស​ថៃ​។
បាងកក : វត្ត​រ៉ុង​ឃុន គឺ​ជា​អារាម​មួយ​ដែល​ភ្ញៀវ​ទេសចរ​បរទេស​កម្រ​នឹង​រំលង​ទៅ​ទស្សនា​ណាស់ ហើយ​ពួកគេ​ភាគ​ច្រើន​ហៅ​វត្ត​នេះ​ថា «អារាម​ស» ដោយ​សារ​តែ​សំណង់​ក្បូរ​ក្បាច់​រចនា​ទាំង​អស់​ស​ក្បុស​តែ​ម្ដង។
ខុស​ពី​វត្ត​សាសនា​ព្រះពុទ្ធ​ដទៃ​ទៀត វត្ត​រ៉ុង​ឃុន នៅ​ក្រុង​ឈាង​រ៉ៃ ប្រទេស​ថៃ​ដែល​ត្រូវ​បាន​រចនា​ឡើង​ឆ្នាំ​១៩៩៧ ដោយ​វិចិត្រករ និង​ស្ថាបត្យករ​ថៃ​ឈ្មោះ ឆា​ឡើម​ឆាយ កូស៊ីតពីផាត គឺ​ជា​អារាម​ដែល​មាន​ការ​ច្របាច់​បញ្ចូល​រវាង​ជំនឿ​សាសនា និង​ការ​ស្រមើ​ស្រមៃ​បែប​វិទ្យាសាស្ត្រ។
គ្រប់​ទី​កន្លែង​សុទ្ធ​តែ​ត្រូវ​បាន​លាប​ពណ៌​ស​ក្បុស តំណាង​ឲ្យ​ភាព​បរិសុទ្ធ​របស់​ព្រះពុទ្ធ។ រីឯ​បំណែក​កញ្ចក់​នៅ​លើ​សំណង់​ជាមួយ​ពន្លឺ​សូរ្យ​សែង​ធ្វើ​ឲ្យ​អារាម​ចែង​ ចាំង​ដូច​គ្រាប់​ពេជ្រ។
នៅ​បរិវេណ​អារាម មាន​ចម្លាក់​ប្លែកៗ​ជា​ច្រើន​ដូច​បិសាច ក្បាល​ខ្មោច និង​លលាដ៍​ព្យួរ​រណេង​រណោង​លើ​ដើម​ឈើ។
មុន​ពេល​ទៅ​ដល់​មាត់​ច្រក​ចូល​អារាម អ្នក​ត្រូវ​ដើរ​ឆ្លង​ស្ពាន​កាត់​គូ​ទឹក​ដ៏​ថ្លា​យង់ ដែល​មាន​សុទ្ធ​តែ​ចម្លាក់​រូប​ដៃ​ផុស​ចេញ​ពី​ផ្ទៃ​គង្គា តំណាង​ឲ្យ​តណ្ហា និង​ការ​ស្រេក​ឃ្លាន។ ពេល​ចូល​ដល់​ក្នុង​អារាម អ្នក​នឹង​ឃើញ​គំនូរ​ពុទ្ធ​ប្រវត្តិ​រួម​ទាំង​រូបភាព​សម័យ​ទំនើប​ផ្សេងៗ​ទៀត​ ដូច​ជា​ឈុត​ឆាក​វីរ​បុរស​ច្បាំង​ជាមួយ​នឹង​បិសាច មនុស្ស​ប្រចៀវ ស៊ុប​ភើរមេន និង​តួអង្គ​ក្នុង​ខ្សែ​ភាពយន្ត​ហូលីវូដ​ល្បីៗ​ដទៃ​ទៀត។ នៅ​ជញ្ជាំង​ម្ខាង​ទៀត ផ្ទាំង​គំនូរ​យន្ត​ហោះ​បុក​ទម្លុះ​អគារ​ភ្លោះ រូប​យាន​អវកាស និង​គន្លង​តារា​ភព​ផែន​ដី គឺ​ជា​ទិដ្ឋភាព​ដ៏​ចម្លែក​មួយ​ដែល​មិន​ធ្លាប់​មាន​នៅ​ក្នុង​វត្ត​ព្រះ​ពុទ្ធ ​សាសនា​នោះ​ទេ។
នៅ​ចំ​កណ្ដាល​អារាម មាន​បុប្ផា​ពណ៌​មាស​ត្រូវ​បាន​រចនា​ដាក់​ជា​តង្វាយ​ដល់​បដិមា​ដែល​គង់​នៅ​ចំ ​កណ្ដាល ហែរ​ហម​ដោយ​រូប​ទេវតា​ហោះ​ហើរ​លើ​អាកាស។
លោក ឆាឡើម​ឆាយ កូស៊ីតពី​ផាត ដែល​ស្ថាបនិក​អារាម​រ៉ុង​ឃុន មាន​គោល​បំណង​ចង់​ឲ្យ​ទីនេះ​ក្លាយ​ទៅ​ជា​កន្លែង​ក្រេប​ជញ្ជក់​ចំណេះ​ដឹង និង​ជា​សាល​សមាធិ​សម្រាប់​ប្រជាជន​ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ ដើម្បី​ស្វែង​យល់​ពី​ព្រះ​ធម្ម ពុទ្ធិ និង​កម្មផល តាម​ការ​ប្រៀន​ប្រដៅ​របស់​ព្រះពុទ្ធ។
មក​ទល់​បច្ចុប្បន្ន ការ​កសាង​វត្ត​រ៉ុង​ឃុន នៅ​មិន​ទាន់​បាន​បញ្ចប់​ទេ បើ​ទោះ​ជា​វត្តមាន​អាយុ​ជាង​១៦​ឆ្នាំ​ហើយ​ក្ដី។
បរិវេណ​វត្ត​ស​លើ​ផ្ទៃ​ដី​ជិត​២​ហិកតា​នេះ ត្រូវ​ការ​សំណង់​ចំនួន​៩​បន្ថែម​ទៀត​រួម​មាន​ព្រះ​វិហារ ឈាបនដ្ឋាន សាលា​ឆាន់ សាលា​សុំ​សីល អាស្រម​ឥសី សារមន្ទីរ ពុទ្ធិក​សាលា បន្ទប់​ទឹក និង​ពន្លា​ដើម្បី​បង្គ្រប់​លក្ខណៈជា​វត្ត​មួយ​ដ៏​ពេញ​លេញ៕ PRភ្នំពេញប៉ុស្ត៍

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.