តើ​ចិន​មាន​ឥទ្ធិពល​និយាយ​ឲ្យ​មេដឹកនាំ​កូរ៉េ​ខាងជើង​បញ្ឈប់​ទង្វើ​បង្កហេតុ​បាន​ដែរ​ឬទេ?


 
លោកប្រធានាធិបតី ​ចិន ស៊ី ជីនពីង ធ្លាប់បាន​ព្រមាន​កូរ៉េ​ខាងជើង​ដោយ​ប្រយោល​ថា ចិន​នឹង​មិន​បណ្តោយ​ឲ្យ​ប្រទេស​ណាមួយ​បង្ក​អនាធិបតេយ្យ នៅ​ក្នុង​តំបន់​អាស៊ីទេ

ភាពតានតឹង​នៅ​ឧបទ្វីបកូរ៉េ​ចេះតែ​បន្តកើនឡើង​ជា​លំដាប់​ពីមួយថ្ងៃ​ ទៅមួយថ្ងៃ។ កូរ៉េ​ខាងជើង​បាន​រៀបចំ​ដំឡើង​មីស៊ីល​របស់​ខ្លួន​រួចជាស្រេច ហើយ​អាច​នឹង​បាញ់​មីស៊ីល​នេះ​នៅ​គ្រប់ពេល។ លើសពីនេះ​ទៅទៀត របាយការណ៍​របស់​ទីភ្នាក់ងារ​ចារកិច្ច​មួយ​របស់​អាមេរិក​បាន​សន្និដ្ឋាន​ថា កូរ៉េ​ខាងជើង​ទំនង​ជា​មាន​សមត្ថភាព​ក្នុង​ការ​បាញ់​មីស៊ីល​ ដែល​បំពាក់​ក្បាលគ្រាប់​នុយក្លេអ៊ែរ​បាន។ ប្រឈមមុខ​នឹង​មេដឹកនាំ​ក្រុងព្យុងយ៉ាង ដែល​ចេះតែ​ធ្វើ​សកម្មភាព និង​ប្រើពាក្យសម្តី​គំរាម​បង្ក​សង្រ្គាម​ ដោយ​គ្មានស្តាប់​អ្នកណា​បែបនេះ ស្ទើរតែ​គ្រប់​គ្នា ក្នុង​សហគមន៍​អន្តរជាតិ​កំពុង​តែ​សំឡឹង​ទៅរក​ចិន ដែល​ជា​សម្ព័ន្ធមិត្ត​ និង​ជា​អ្នក​ផ្តល់​ជំនួយ​ដ៏ច្រើន​សន្ធឹកសន្ធាប់​ដល់​កូរ៉េខាងជើង ឲ្យ​ជួយ​ដោះស្រាយ​វិបត្តិ​នេះ។ ក៏ប៉ុន្តែ សំណួរ​សួរ​ថា តើ​ចិន​ពិតជា​មាន​ឥទ្ធិពល​ ដែល​អាច​និយាយ​ទៅ​ឲ្យ​មេដឹកនាំ​កូរ៉េ​ខាងជើង​ស្តាប់​តាម​ដែរ​ឬទេ?


ស្ទើរតែ​គ្រប់​គ្នា​សុទ្ធតែដឹង​ថា នៅលើពិភពលោក​យើងនេះ ប្រទេស​ដែល​មាន​ឥទ្ធិពល​ទៅលើ​កូរ៉េ​ខាងជើងខ្លាំងជាងគេ​ គឺ​ចិន។ ចិន គឺ​ជា​សម្ព័ន្ធមិត្ត​ដ៏ចាស់ឆ្នាំ​របស់​កូរ៉េ​ខាងជើង។ ទាហាន​ចិន​ធ្លាប់​ជួយកូរ៉េ​ខាងជើង ក្នុង​ការ​ច្បាំង​ទល់នឹង​កងទ័ព​កូរ៉េ​ខាងត្បូង និង​កងទ័ព​អាមេរិក ក្នុង​អំឡុង​សង្រ្គាម​កូរ៉េ។ រហូតមកទល់នឹង​ពេល​បច្ចុប្បន្ន​នេះ កូរ៉េ​ខាងជើង​អាច​រស់បាន ទាំង​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច គឺ​អាស្រ័យ​ដោយសារ​ជំនួយ​ពី​ចិន។

ហេតុដូច្នេះ​ហើយ​បាន​ជា គេ​នាំគ្នា​រំពឹង​ទៅលើ​ចិន ក្នុង​ការ​ជួយ​ដោះស្រាយ​វិបត្តិ​កូរ៉េ នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ ប៉ុន្មានថ្ងៃមុននេះ គឺ​កូរ៉េ​ខាង​ត្បូង ដែល​បាន​ទទូច​ឲ្យ​ចិន ចេញមុខ​ជួយ​និយាយ​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាង​ជើង ឲ្យ​បញ្ឈប់​សកម្មភាព និង​ពាក្យ​សម្តី​បង្កហេតុ។ នៅថ្ងៃ​សុក្រ​នេះ គឺ​មន្រ្តី​ជាន់ខ្ពស់​អាមេរិក​វិញម្តង ដែល​បាន​ទាមទារ​ឲ្យ​ចិន​ប្រើឥទ្ធិពល​របស់​ខ្លួន ទៅលើ​មេដឹកនាំ​ក្រុងព្យុងយ៉ាង ដើម្បី​បញ្ចប់​វិបត្តិ​ ចៀសវាង​ការ​បង្ក​អស្ថិរភាព នៅ​ក្នុង​តំបន់ ដែល​នាំ​ឲ្យ​ខូចប្រយោជន៍​ទាំងអស់គ្នា។

អ្នកវិភាគ​ស្ទើរតែ​គ្រប់គ្នា សុទ្ធតែ​យល់ថា វិបត្តិ​នៅ​កូរ៉េ នៅ​ពេល​បច្ចុប្បន្ន​នេះ មិនផ្តល់​ផល​ចំណេញ​អ្វី​ដល់​ចិន​នោះទេ។ ផ្ទុយទៅវិញ វា​​មាន​តែ​​បង្ក​បញ្ហា​ឈឺក្បាល​ ដល់​មេដឹកនាំ​ចិន​ទៅវិញ។ នាយកទីភ្នាក់ងារ​ចារកិច្ចអាមេរិក​ថែមទាំងបាន​អះអាង​ជា​សាធារណៈ​ទៀតផង កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ថា ចិន​កំពុង​តែ “ទើសចិត្ត” ខ្លាំង ចំពោះ​ឥរិយាបថ​របស់​កូរ៉េ​ខាង​ជើង។

បើយើងពិនិត្យ​ឲ្យ​បាន​ស៊ីជម្រៅទៅ ទង្វើបង្កហេតុ​របស់​កូរ៉េ​ខាងជើង នៅពេលនេះ ថ្វីដ្បិត​តែ​វាជាសកម្មភាព និង​ពាក្យសម្តី​គំរាម​ដល់​អាមេរិក ក៏ប៉ុន្តែ តាមពិតទៅ វា​ប៉ះពាល់​ទៅដល់​ផលប្រយោជន៍​ចិន ច្រើន​ជាង​អាមេរិក ពីព្រោះ​ថា នៅ​ពេលណា ដែល​កូរ៉េ​ខាង​ជើង​គំរាម​បង្ក​សង្រ្គាម​កាន់តែ​ខ្លាំង អាមេរិក​កាន់តែ​មាន​លេស បង្កើន​វត្តមាន​កងទ័ព​របស់​ខ្លួន នៅ​ក្នុង​តំបន់​ក្បែរៗ​ប្រទេស​ចិន។

ដូចជា​យើង​បាន​ឃើញ​ស្រាប់ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ អាមេរិក​បាន​បញ្ជូន​គ្រឿងសព្វាវុធ​ទំនើបៗ មក​កាន់ប្រទេស​​កូរ៉េ​ខាង​ត្បូង ដូចជា យន្តហោះ​ទម្លាក់​គ្រាប់​បែក​ធុន B-52 និង ធុន B-2 (ដែល​អាច​ទម្លាក់​គ្រាប់បែក​នុយក្លេអ៊ែរ​បាន), យន្តហោះ​ចម្បាំង​បំបាំងកាយ​ ធុន F-22 ព្រមទាំង​នាវា​​ចម្បាំង​ផ្ទុក​រ៉ាដា និង​នាវាចម្បាំង ដែល​មាន​ប្រព័ន្ធ​ខែល​ប្រឆាំង​នឹង​មីស៊ីល​បាលីស្ទិក ជាដើម។ លើសពីនេះ​ទៅទៀត អាមេរិក​ក៏​បាន​ប្រកាស​ផងដែរ ពី​គម្រោង​ដំឡើង​ប្រព័ន្ធ​ខែល​ការពារ​មីស៊ីល នៅ​លើ​កោះ Guam ដែល​ស្ថិត​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វ៊ិក។

ការ​បង្កើន​វត្តមាន​ទ័ព​អាមេរិក នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ក្នុងពេល​ដែល​លោក​អូបាម៉ា​ដាក់ចេញ​នូវ​នយោបាយ​ការបរទេស ដោយ​ផ្តោត​អាទិភាព​ចម្បង មក​លើ​តំបន់​អាស៊ី​បែបនេះ គឺ​សុទ្ធតែ​ជា​ដំណឹង​មិន​ល្អ​សម្រាប់​ចិន។ ដូច្នេះ ចិន​ប្រាកដ​ជា​​មិន​ចង់​ឲ្យ​ភាពតានតឹង​នៅ​កូរ៉េ​ពេលនេះ អូសបន្លាយ​តទៅទៀត​នោះទេ ដើម្បី​កុំ​ឲ្យ​អាមេរិក​មាន​លេស​បង្កើន​វត្តមាន​ទ័ព​របស់​ខ្លួន នៅ​ក្នុង​តំបន់​នេះ។ ចិន​ចង់​បញ្ចប់​ភាពតានតឹង​នៅ​កូរ៉េ​នេះ ជាង​អាមេរិក​ទៅទៀត។ ក៏ប៉ុន្តែ សួរថា តើ​ចិន​អាចមាន​ទឹកមាត់​ប្រៃ និយាយ​ទៅ​ឲ្យ​មេដឹកនាំ​កូរ៉េ​ខាង​ជើង​ស្តាប់​តាម​បានដែរ​ឬទេ?

បើ​មើល​មួយភ្លែតទៅ គេ​អាច​និយាយ​បាន​ថា កូរ៉េ​ខាង​ជើង​រស់បាន គឺ​អាស្រ័យ​ដោយ​សារ​ជំនួយ​របស់​ចិន។ ដូច្នេះ ចិន​និយាយ​គួរ​តែ​មេដឹកនាំ​កូរ៉េ​ខាង​ជើង​ស្តាប់តាម ព្រោះ​ថា បើ​មិនដូច្នេះ​ទេ ចិន​ផ្តាច់​ជំនួយ កូរ៉េ​ខាងជើង​នឹង​ត្រូវ​ស្លាប់។ ក៏ប៉ុន្តែ សម្រាប់ចិន វាមិនមែន​ជា​រឿង​ងាយស្រួល​​​បែបនេះ​ទេ។ មិនងាយស្រួល ពីព្រោះថា ចិន​មិន​ចង់​ឲ្យរបបដឹកនាំ​កូរ៉េ​ខាងជើង​ដួលរលំ។

សម្រាប់​ចិន ការដួលរលំ​នៃ​របបដឹកនាំ​កូរ៉េ​ខាងជើង​អាច​បង្ក​បញ្ហា​ធំៗ​ពីរ​ដល់​ចិន។ ទីមួយ វាអាច​បង្ក​ភាព​អនាធិបតេយ្យ នាំ​ឲ្យ​មាន​ជនភៀសខ្លួន​កូរ៉េ​ខាង​ជើង​រាប់លាន​នាក់ ហូរ​ចូល​ទៅ​ក្នុង​ទឹកដី​ចិន។ វិបត្តិជនភៀសខ្លួន​កូរ៉េ​ខាងជើង​នេះ​អាច​នឹង​បង្ក​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ច ​របស់​ចិន។

បញ្ហា ដែល​គួរឲ្យ​បារម្ភ​សម្រាប់​ចិន​មួយទៀត គឺ​នៅត្រង់ថា ប្រសិនបើ​របប​កុម្មុយនិស្ត​​កូរ៉េ​ខាងជើង​ត្រូវ​ដួលរលំ កូរ៉េ​ទាំងពីរ​ប្រាកដ​ជា​នឹង​ត្រូវ​រួបរួមគ្នា​ជា​ប្រទេស​តែមួយវិញ ហើយ​ប្រទេស​កូរ៉េ​ថ្មី​នេះ ប្រាកដ​ជា​នឹង​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​មេដឹកនាំ​កូរ៉េ​ខាង​ត្បូង​ បច្ចុប្បន្ន ដែល​ជា​សម្ព័​ន្ធមិត្ត​របស់​អាមេរិក។ ដូច្នេះ វាមានន័យថា អាមេរិក​នឹង​មាន​ប្រទេស​សម្ព័ន្ធមិត្ត​ដ៏ជិតស្និទ្ធបំផុត​មួយ នៅ​ជាប់​នឹង​ព្រំដែន​របស់​ប្រទេស​ចិន​ ដែល​មេដឹកនាំ​ចិន​ជាទូទៅ ជាពិសេស មេដឹកនាំ​យោធា មិនចង់​ឲ្យ​កើតមាន។

ដូច្នេះ សម្រាប់​ចិន ​កូរ៉េ​ខាង​ជើង​ជា​បន្ទុកធ្ងន់​ ដែល​ចិន​ត្រូវ​ជួយ​ផ្តល់​ជំនួយ​ ដើម្បី​រស់ ហើយ​​មេដឹកនាំ​កូរ៉េ​ខាង​ជើង​បង្ក​បញ្ហា​ឈឺក្បាល​ដល់​ចិន​ច្រើន​មែន ក៏ប៉ុន្តែ បើ​ទុក​ឲ្យ​របបដឹកនាំ​កូរ៉េ​ខាងជើង​ដួលរលំ​ គឺ​អាច​នឹង​បង្ក​បញ្ហា​កាន់តែ​ច្រើន​ជាង​នេះ​ទៅទៀត។ ដូច្នេះ មានតែ​​​បង្ខំ​ចិត្ត​បន្ត​​ជួយ​ឲ្យ​កូរ៉េ​ខាង​ជើង​តទៅទៀត។ ហើយ​បើតាម​មើលទៅ មេដឹកនាំ​កូរ៉េ​ខាងជើង​ក៏​ទំនង​ជា​ដឹង​ដែរ​ថា ចិន​ប្រាកដ​ជា​មិនសុខចិត្ត​ទុក​បណ្តោយ​ឲ្យ​ខ្លួន​ដួលរលំ។ នេះ​ហើយ​ដែល​អាច​ជា​ចំណុចខ្សោយ ដែល​ចិន​ពិបាក​នឹង​ដាក់សម្ពាធ​ទៅលើ​មេដឹកនាំ​កូរ៉េ​ខាងជើង​​ឲ្យ​ស្តាប់​តាម​ ខ្លួន​គ្រប់សព្វបែបយ៉ាងបាន៕ប្រភពពី (RFA)




Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.