កាត់​ទោស​ជន​ក្លែង​ជា​ទី​ប្រឹក្សា​លោក ជា ស៊ីម

កាត់​ទោស​ជន​ក្លែង​ជា​ទី​ប្រឹក្សា​លោក ជា ស៊ីម


130329_9a
ជន​ជាប់​ចោទ​ដែល​ក្លែង​ជា​ទី​ប្រឹក្សាលោក ជា ស៊ីម ដើរ​បោក​ប្រាស​ប្រាក់​គេ​នាំឡើង​តុលាការ​​។ រូបថត ហុង មិនា
ភ្នំពេញៈ បុរស​អាយុ​៥២​ឆ្នាំ​ម្នាក់​ត្រូវ​សាលា​ដំបូង​ រាជធានី​ភ្នំពេញ​កាត់​ទោស​កាល​ពី​រសៀល​ម្សិលមិញ​ពាក់​ព័ន្ធ​នឹង​ការ​ក្លែង​ ខ្លួន ធ្វើ​ជា​ទីប្រឹក្សា​សម្តេច ជា ស៊ីម ប្រធាន​ព្រឹទ្ធ​សភា និង​ការ​ប្រើ​ប្រាស់​តួនាទី​ក្លែង​ក្លាយ​របស់​ខ្លួន​បោក​ប្រាក់​ពី មន្រ្តី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល កាល​ពី​ឆ្នាំ​មុន។
លោក ហេង សុខណា ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​ថ្លែង​ថា ឈ្មោះ ឆេង ភិរម្យ ហៅ​ សុខ ចាន់ថា ឬ ហេង ​ចាន់​ថា ឬ​ សុខ ណារិន អាយុ​៥២​ឆ្នាំ​ គ្មាន​មុខ​របរ​ច្បាស់​លាស់​ ​ត្រូវ​តុលាការ​ចោទ​ពី​បទ​ឆបោក​និង​ការ​ក្លែង​តួនាទី​ជា​មន្រ្តី​សាធារណៈ។ គាត់​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពីថ្ងៃ​ទី​១៧ កក្កដា ២០១២ ពាក់​ព័ន្ធ​នឹង​ការ​ប្រើ​តួនាទី​ក្លែង​ក្លាយ​ជា​ទីប្រឹក្សា​ប្រធាន ព្រឹទ្ធសភា លោក ជា ស៊ីម និង​ជា​ជំនួយ​ការ​ផ្ទាល់​របស់​លោក ប៊ុន អ៊ុយ ដែល​ជា​រដ្ឋ​លេខាធិការ​នៅ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី ដោយ​បោក​ប្រាក់​ចំនួន​១ពាន់​ដុល្លារ​អាមេរិក ពី​លោក ហាស់ វ៉ារី ដែល​ជា​មន្រ្តី​រដ្ឋាភិបាល​ជាន់​ខ្ពស់ និង​ជា​ពាណិជ្ជករ​ខ្មែរ​អ៊ិស្លាម​មាន​ទ្រព្យ​ធន​ម្នាក់​នៅ​ក្នុង​ប្រទេស។
លោកថ្លែងបន្ត​ថា៖ «គាត់​បាន​ក្លែង​ខ្លួន​ធ្វើ​ជា​ទី​ប្រឹក្សា​សម្តេច ជា ស៊ីម ​និង​ជំនួយ​ការ​ផ្ទាល់​របស់ ឯកឧត្តម ប៊ុន អ៊ុយ ដើម្បី​បោក​ប្រាក់​ចំនួន​១ពាន់​ដុល្លារ​អាមេរិក​ពី​ឯក​ឧត្តម ហាស់ វ៉ារី ​ដោយ​កុហក​គាត់​ថា ឯក​ឧត្តម ប៊ុន អ៊ុយ សុំ​ខ្ចី​ប្រាក់​ឯក​ឧត្តម ហាស់ វ៉ារី ចំនួន ១ពាន់​ដុល្លារ​សម្រាប់​ថ្លៃ​ធ្វើ​ដំណើរ​[របស់​ឯក​ឧត្តម ប៊ុន អ៊ុយ] អម​ដំណើរ​ជាមួយ​សម្តេច ជា ស៊ីម ទៅ​បរទេស»។
លោក​បញ្ជាក់​ថា សកម្មភាព ឆបោក​របស់​គាត់​ត្រូវ​បាន​ដឹង​ដោយ ឯក​ឧត្តម ហាស់ វ៉ារី បន្ទាប់​ពី​គាត់​ទូរស័ព្ទ​ទៅ​ឯក​ឧត្តម ប៊ុន អ៊ុយ សួរ​អំពី​ការ​ខ្ចី​ប្រាក់​លោក​នោះ។
លោកបន្តថា គាត់​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​នគរបាល​នៅ​ពេល​គាត់​កំពុង​ព្យាយាម​បើក ប្រាក់​៣០០ ដុល្លារ​ទៀត​ពី​ឯក​ឧត្តម ​ហាស់ វ៉ារី ​នៅ​ផ្ទះ​លោក​ក្នុង​​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ។
លោក ជា ម៉េត ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​បាន​ថ្លែង​ថា បើ​យោង​តាម​របាយ​ការណ៍​របស់​នគរបាល ឆេង ភិរម្យ មាន​ឈ្មោះ​ច្រើន ដូច​ជា ហេង ចាន់ថា ឬ ឆេង ភិរម្យ ឬ សុខ ណារិន ប៉ុន្តែ​ឈ្មោះ​ពិត​របស់​គាត់​គឺ សុខ ចាន់​ថា។
លោកបានបន្ថែម​ថា សុខ ចាន់​ថា​ បាន​ប្រើ​តួនា​ទី​ក្លែង​ក្លាយ​ដើម្បី​បោក​ប្រាក់​រាប់​ពាន់​ដុល្លារ ពី​មន្រ្តី​រដ្ឋាភិបាល​ជាន់​ខ្ពស់​ដោយ​ប្រើ​ល្បិច​ថា សម្តេច ជា ស៊ីម ចង់​បាន​ប្រាក់​សម្បុរស​ដើម្បី​សាង​សង់​​អគារ​ផ្សេងៗ ឬ​ហេដ្ឋា​រចនា​សម្ព័ន្ធ ឬ​មណ្ឌល​សុខ​ភាព សម្រាប់​ជន​ក្រីក្រ។ ប្រាក់​ដែល​ប្រមូល​ពី​មន្រ្តី​ទាំង​នោះ គាត់​យក​ទៅ​លេង​ល្បែង​ក្នុង​កាស៊ីណូ​នៅ​បាវិត ខេត្ត​ស្វាយ​រៀង និង​កាស៊ីណូ​​នៅ​ព្រំដែន​កម្ពុជា​‑វៀតណាម។
លោកថ្លែងថា៖«ផ្អែក​តាម​ភ័ស្តុតាង គាត់​មាន​ទោស​កំហុស។ ហេតុ​ដូច្នេះ ចៅក្រម​ស៊ើប​សួរ​សូម​ឲ្យ​រក្សា​បទ​ចោទ​ប្រកាន់​គាត់ និង​សូម​ឲ្យ​ចៅក្រម​ដាក់​ទោស​គាត់​ទៅ​តាម​ច្បាប់»។
ក្នុងអំឡុងសវនាការ​កាល​ពី​ម្សិល​មិញ ឆេង ភិរម្យ បដិសេធ​លើ​បទ​ចោទ​ប្រកាន់​លើ​រូប​ខ្លួន ហើយ​ថា គាត់​មាន​ឈ្មោះ​តែ​មួយ​ប៉ុណ្ណោះ។ ប៉ុន្តែ គាត់​សារភាព​ថា គាត់​និង​មិត្តភក្តិ​ឈ្មោះ សុខ ណារិន ដែល​កំពុង​គេច​ខ្លួន ពិត​ជា​ទទួល​ប្រាក់​១ពាន់​ដុល្លារ​ពី​លោក ហាស់ វ៉ារី មុន​ពេល​មាន​ការ​ចាប់​ខ្លួន​ពិត​មែន ហើយ​ថា ប្រាក់​នោះ​គឺជា​ប្រាក់​សប្បុរស​របស់ លោក ហាស់ វ៉ារី ​ដែល​បាន​ផ្តល់​ឲ្យ​ទៅ​ពួកគាត់​នោះ​ទេ។
សាលក្រមរឿង​ក្តីនេះ​នឹងប្រកាស​នៅ​ថ្ងៃទី​១០​មេសា៕ PS

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.