​ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក​ បាន គីមូន ​បាន​ព្រមាន​ថា ​វិបត្តិ​ក្នុង​តំបន់​ឧបទ្វីប​កូរ៉េ​អាច​ឈាន​ដល់​​ស្ថានភាព​ដែល​​ “មិន​អាច​គ្រប់គ្រង​បាន”។
​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​ទីក្រុង​រ៉ូម ប្រមុខ​ស្ថាប័ន​កំពូល​​ខាងលើ​បាន​ជំរុញ​ឲ្យ​កូរ៉េខាងជើង​​​កាត់​បន្ថយ ​”សកម្មភាព​បង្កហេតុ​របស់​ខ្លួន” ​ហើយ​ងាក​មក​បើកទ្វារ​​តំបន់​ឧស្សាហកម្ម​ចម្រុះ​រួម​គ្នា​រវាង​កូរ៉េខាងជើង-កូរ៉េខាងត្បូង​​ឲ្យ​ដំណើរការ​ឡើងវិញ។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក បាន គីមូន ​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង
ទីក្រុង​រ៉ូម​ ថា ​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​អាច​កាន់តែ​ដុនដាប​​ឡើង (រូបភាព៖ ​thejournal)
ស្រប ​ពេល​ដែល​ អ្នក​វិភាគ​ជា​ច្រើន​ថា ​កូរ៉េខាងជើង​កាន់​តែ​ខិត​ជិត​ដល់​ពេល​បាញ់​សាកល្បង​មីស៊ីល​របស់​ខ្លួន​មែន​ ទែន​នោះ​ ​​មេបញ្ជាការ​ជាន់ខ្ពស់​អាមេរិក​លោក​ Samuel Locklear ​ដែល​ជា​ប្រមុខ​​​បញ្ជាការ​​យោធា​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​និយាយ​ ថា ​​​អាមេរិក​នឹង​បាញ់​ទម្លាក់​​មីស៊ីល​របស់​កូរ៉េខាងជើង​នា​ពេល​ខាងមុខ ​​ប្រសិន​បើ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ការពារ​សម្ពន្ធមិត្ត​របស់​ខ្លួន​ ​ឬ​អាមេរិក​ផ្ទាល់។
ទន្ទឹម​នឹង​ការ​ គំរាម​កំហែង​ជា​បន្តបន្ទាប់​ពី​សំណាក់​កូរ៉េខាងជើង​ ​គេ​សង្កេត​ឃើញ​អាមេរិក ​ក៏​ដូចជា​សម្ពន្ធមិត្ត​ កូរ៉េខាងត្បូង​ និង​ជប៉ុន​សុទ្ធ​តែ​ដំឡើង​ខែល​ការពារ​មីស៊ីល​ដើម្បី​​ប្រុងជើងប្រួល​ការពារ​ អស់​ហើយ​ដែរ។
​​កាល​ពី​​ថ្ងៃ​អង្គារ​ម្សិលមិញ​ ទីក្រុង​ព្យុងយ៉ាង​បាន​ព្រមាន​ដល់​ជន​បរទេស​ ដែល​រស់នៅ​កូរ៉េខាងត្បូង​ត្រូវ​ប្រញាប់​ជម្លៀស​ចេញ​ ដោយ​បញ្ជាក់​ថា ​សង្គ្រាម​នុយក្លេអ៊ែរ​ខិត​ជិត​កាន់​តែ​កៀក​ហើយ។ ​មិន​តែ​ប៉ុណ្ណោះ​ របប​របស់​មេដឹកនាំ​​វ័យ​ក្មេង​ គីម ជុងអ៊ុន ​បាន​បិទ​ច្រក​ឧស្សាហកម្ម​រួម​​​គ្នា​ជាមួយ​កូរ៉េខាងត្បូង​​ដែល​​ប្រៀប​ ដូចជា​ការ​កាត់​ផ្ដាច់​​ដង្ហើម​ចុងក្រោយ​នៃ​​ចំណង​ទំនាក់ទំនង​ប្រទេស​ ទាំងពីរ​កូរ៉េខាងជើង-កូរ៉េខាងត្បូង​ដែរ៕
ប្រែ​សម្រួល៖​ Zac
ប្រភពពី៖​សប្បាយ Channelnewsasia, BBC​