“ខែ​ចេត្រ​ចូល​ឆ្នាំ​តាម ​ចំណាំ​គេ​ទៅ​លេង​វត្ត”។ គ្រាន់​តែ​ឮ​ឃ្លា​នេះ​ភ្លាម​ គេ​នឹង​ដឹង​ភ្លែត​ ថា​ជា​បទ​​ចម្រៀង​ដ៏​មាន​ប្រជាប្រិយ​​​មួយ​ ​​ដែល​និយាយ​អំពី​ទម្លាប់​របស់​ខ្មែរ ​តែង​ទៅ​វត្ត​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី។ ហេតុ​អ្វី​បុណ្យ​ចូល​ឆ្នាំ​ ចាំ​បាច់​ទៅ​វត្ត? តើ​អ្វី​គួរ​ធ្វើ​ និង​អ្វី​មិន​គួរ​ធ្វើ​ ពេល​ទៅ​វត្ត​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខាង​មុខ?

យុវជន​ខ្មែរ​នាំ​គ្នា​​​ទៅ​វត្ត​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​
កញ្ញា ​ សុធី នាង​សុធា ​និស្សិត​សាកល​វិទ្យាល័យ​ពុទ្ធិ​សាស្រ្ត​ បាន​និយាយ​ថា៖ “ខ្ញុំ​មាន​គម្រោង​ទៅ​វត្ត​ពេល​ចូល​ឆ្នាំ​ជា​មួយ​ក្រុម​គ្រួសារ។​ ខ្ញុំ​គិត​ថា​ ពេល​ដែល​យើង​នាំ​គ្នា​ទៅ​វត្ត​ គឺ​ជួយ​លើ​ស្ទួយ​ដល់​វប្បធម៌​ប្រពៃណី​ខ្មែរ។​ ក៏​ប៉ុន្តែ​បើ​សិន​ជា​អ្នក​ខ្លះ​គាត់​ទៅ​វត្ត​ដែរ​ តែ​ទៅ​បង្ក​ភាព​ស្មុគ​ស្មាញ​ ឬ​រំខាន​ដល់​អ្នក​ដទៃ​ដូច​ជា​ទៅ​បំផ្លាញ​ភ្នំ​ខ្សាច់​ រាំ​ច្រងេង​ច្រងាង​នោះ​ គឺ​មិន​ល្អ​មើល​សោះ”។
និស្សិត​ យោក​ រតនា ​រៀន​នៅ​សាកល​វិទ្យាល័យ​​ថែទាំ​វេជ្ជសាស្ត្រ​ ក៏​មាន​គម្រោង​ទៅ​វត្ត​ដែរ។ រតនា​ លើក​ឡើង​ថា៖ “ពេល​នេះ​ជា​ពេល​ដែល​ជួប​ជុំ​ក្រុម​គ្រួសារ​ ហើយ​ក៏​​ជា​ឱកាស​ល្អ​ណាស់​ដែល​យើង​បាន​ទៅ​វត្ត​ជុំ​គ្នា។​ ម្យ៉ាង​​ទៀត​ ដើម្បី​ឧទ្ទិស​កុសល​ផល​បុណ្យ​ដល់​បុព្វការី​ជន​ផង​ដែរ។ ក្រៅ​ពី​នោះ​ យើង​អាច​លេង​ល្បែង​ប្រជាប្រិយ​នៅ​វត្ត​ទៀត​ផង។ ដោយ​ឡែក ​ប្រសិន​បើ​យុវវ័យ​មួយ​ចំនួន​គាត់​យក​ពេល​នឹង​ជា​លេស​ថា​ទៅ​វត្ត​ធ្វើ​បុណ្យ ​ តែ​បែរ​ជា​ទៅ​ភ្លើត​ភ្លើន​ ឱប​ កៀក​កើយ​គ្នា​ក្នុង​វត្ត​វិញ​ ខ្ញុំ​មាន​អារម្មណ៍​ខ្មាស់​អៀន​ និង​សោក​ស្ដាយ​ចំពោះ​ទង្វើ​របស់​ពួក​គេ​ណាស់”។
ចំពោះ​ គ្រី​ ឆេង​ងួន​ សិស្ស​វិទ្យាល័យ​បាក់​ទូក​វិញ​យល់​ឃើញ​ថា៖ “នេះ​ជា​ពេល​ល្អ​មួយ​ដែល​ខ្ញុំ​បាន​អុជ​ធូប​ ឧទ្ទិស​កុសល​ដល់​ដូន​តា​ ហើយ​សុំ​សេចក្ដី​សុខ​សម្រាប់​ឆ្នាំ​ថ្មី​នេះ​។ ផ្ទុយ​ទៅ​វិញ​ បើ​យុវវ័យ​មួយ​ចំនួន​គិត​តែ​ពី​ដើរ​លេង​ក្នុង​ពេល​ចូល​ឆ្នាំ​ ហើយ​អត់​បាន​ទៅ​វត្ត​អុជ​ធូប​ឲ្យ​ដូន​តា​ ខ្ញុំ​មាន​អារម្មណ៍​ថា​ ខឹង​ពួក​គេ​ណាស់”។
ដោយ​ឡែក​ រិទ្ធ​ សុពណ៌ ​ជា​សិស្ស​វិទ្យាល័យ​សន្ធរ​មុខ​បាន​ប្រាប់​ថា៖ “ខ្ញុំ​នឹង​ទៅ​វត្ត​ជា​មួយ​ម៉ាក់​ប៉ា​របស់​ខ្ញុំ​ ព្រោះ​វា​ជា​ប្រពៃណី​​ឲ្យ​តែ​ដល់​​ពេល​ចូល​ឆ្នាំ​ គឺ​គេ​​នាំ​គ្នា​ទៅ​វត្ត​ហើយ។ ម៉្យា​ពេល​ទៅ​វត្ត​ ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ជ្រះ​ថ្លា។ មួយ​ទៀត​នោះ ​គឺ​ចាស់​ៗ​ក៏​ចង់​ឲ្យ​ខ្ញុំ​ទៅ​វត្ត​សន្សំ​កុសលដែរ។ ខ្ញុំ​ចង់​ឲ្យ​យុវវ័យ​នាំ​គ្នា​ទៅ​វត្ត​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ខ្មែរ​ ព្រោះ​ខ្លាច​ពួក​គេ​ភ្លេច​ខ្លួន ​គិត​តែ​ពី​ដើរ​លេង​សប្បាយ ​ធ្វើ​ឲ្យ​វប្បធម៌​យើង​អន់​ថយ”។
រី​ឯ​លោក​​ ម៉េង​ រតនា​ បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​មួយ​​​ យល់​ស្រប​ថា​ វា​ជា​ទង្វើ​ល្អ​ណាស់​ដែល​យើង​ទៅ​វត្ត​យក​បាយ​សម្ល​ទៅ​ប្រគេន​ព្រះ​សង្ឃ​ អុជ​ធូប​ឧទ្ទិស​កុសល​ឲ្យ​បុព្វ​ការី​ជន។ លោក​បាន​បន្ថែម​ថា៖​ “ពេល​ដែល​យុវវ័យ​នាំ​គ្នា​ទៅ​វត្ត​ គឺ​ជា​ការ​ប្រពៃ​ណាស់​ ព្រោះ​​​គេ​យល់​ដឹង​ពី​ប្រពៃណី​ខ្មែរ​ ប៉ុន្តែ​ខ្ញុំ​ក៏​ចង់​ប្រាប់​ដល់​យុវវ័យ​មួយ​ចំនួន​ផង​ដែរ​ ចំពោះ​ការ​ស្លៀក​ពាក់​។ កុំ​ស្លៀក​ខ្លី​លេច​លើ​លេច​ក្រោមពេក​។ គេ​គួរ​តែ​ស្លៀក​សំលៀក​បំពាក់​ឲ្យ​បាន​សម​រម្យ ឬ​ពាក់​ខោ​អាវ​ប្រពៃណី​ខ្មែរ​ដូច​ជា​អាវ​ប៉ាក់​ សំពត់​ហូល​ជា​ដើម”។ប្រភពពី៖​សប្បាយ
ចុះ​​មិត្ត​យុវវ័យ​វិញ​ ទៅ​វត្ត​អត់​​ថ្ងៃ​បុណ្យ​ចូលឆ្នាំ​ខាង​មុខ​នេះ?
អត្ថបទ​៖ ផល្លា សុម៉ាលីណា