​ ជា​រៀង​រាល់​ឆ្នាំ ​​​​ប្រជា​​ពលរដ្ឋ​ខ្មែរ​​គ្រប់​រូប​ ​ទូទាំង​ប្រទេស រួម​ទាំង​បង​ប្អូន​ប្រជា​ពល​រដ្ឋ​កម្ពុជា​ដែល​រស់ នៅ​​ក្រៅ​​ប្រទេស​ផង តែង​តែ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ជា​ប្រពៃណី​ជាតិ​របស់​ខ្លួន​ ក្នុង​មនោ​សញ្ចេតនា​ សប្បាយ​រីក​រាយ​ប្រកប​ដោយ​សាមគ្គី​ភាព និង​កតញ្ញុតាធម៌​ដ៏​ជ្រាល​ជ្រៅ​ក្រៃលែង។
​ឆ្នាំ​នេះ​ ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ ​ម្សាញ់ បញ្ចស័ក​ ព.ស​២៥៥៧ ឆ្នាំ​២០១៣​ តាម​ដំណើរ​សង្ក្រាន្ត​បញ្ជាក់​ថា មាន​ទេព​ធីតា​មួយ​ព្រះ​អង្គ​ជា​មគ្គ​នាយិកា​ព្រះ​នាម​ ធុង្សៈទេវី ជា​បុត្រី​ទី១​ នៃ​កបិល​មហា​ព្រហ្ម គង់​នៅ​ចតុមហា​រាជិកា​ មក​ទទួល​វេន​បន្ត​ពី​ទេវតា​ឆ្នាំ​ចាស់ ទ្រង់​អម្ពរ​​ក្រហម លម្អ​​ព្រះ​កាណ៌​ (ត្រចៀក) ដោយ​សៀត​ផ្កា​ទទឹម ​អភរណ​ទ្រង់​ពាក់​ កែវ​បទុមរាជ​ ភក្សាហារ​ទ្រង់​សោយ​ ផ្លែ​ឧទុម្ពរ​ (​ផ្លែ​ល្វា)  ព្រះហស្ត​ស្តាំ​ទ្រង់​​ កង​ចក្រ ព្រះហស្ត​ឆ្វេង​ទ្រង់​ ស័ង្ខ ទ្រង់​ផ្ទំ​បិទ​ព្រះ​នេត្រ​​លើ​ខ្នង​ គ្រុឌ​ (សត្វ​សសេះ)​ ជា​ពាហនៈ​។​
​ ​​​លោក​ អ៊ឹម​ បុរិន្ទ​ ជំនួយ​ការ​គណៈកម្មាធិការ​រៀប​ចំ​បុណ្យ​ជាតិ​ អន្តរ​ជាតិ​ និង​ជា​នាយក​គណៈ​កម្មការ​ស្រាវ​ជ្រាវ​វិជ្ជា​ហោរាសាស្ត្រ​ និង​ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរ​ នៃ​ក្រសួង​ធម្មការ​ និង​សាសនា​ បាន​មាន​ប្រសាសន៍​​ថា កម្ម​វិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ជាតិ​ឆ្នាំ​នេះ​មាន​ដូច​ត​ទៅ​៖
​​​
ថ្ងៃ​អាទិត្យ​ ​​៤​កើត ​​ខែ​ចេត្រ​ត្រូវ​នឹង​ថ្ងៃ​ទី​​១៤ ខែ​មេសា គ.ស​២០១៣​ ជាថ្ងៃ​ចូល​ឆ្នាំ​ថ្មី វេលា​ម៉ោង​ ​២​​និង​​១២​នាទី​ រំលង​អាធ្រាត្រ​ ជា​ថ្ងៃ​ចូល​ឆ្នាំ​ម្សាញ់​ បញ្ចស័ក​។
​​
ថ្ងៃ​ចន្ទ​ ៥​​កើត ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី​១៥ ខែ​មេសា​ គ.ស​២០១៣​ ជាវារៈ​វនប័ត
​ថ្ងៃ​អង្គារ​ ៦​​កើត​ ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី​១៦ ​ខែ​មេសា ឆ្នាំ​២០១៣​ ជា​វារៈ​ឡើង​ស័ក​ គម្រប់​ជា​សង្ក្រាន្ត​ ៣​ថ្ងៃ​ដោយ​បរិបូរណ៍​ ​និង​ចូល​ឆ្នាំម្សាញ់​ ចុល្លសករាជ​ ១៣៧៥ និង​មហាសករាជ​​ ​១៩៣៥​ ត​រៀង​ទៅ។
​ សម្រាប់​គ្រឿង​រណ្ដាប់​​ទទួល​ទេវតា​ តាម​ទំនៀម​ពី​បុរាណ​រៀង​មក​ ត្រូវ​រៀប​រាន​ទទួល​ទេវតា​ នៅ​ខាង​មុខ​ផ្ទះ​មួយ​សម្រាប់​តាំង​គ្រឿង​ពលីការ​ផេ្សងៗ​។ ​
​​
​ត្រូវ​រៀប​ក្រាល​សំពត់​ពណ៌​ស​ ហើយ​រៀប​ចំ​នូវ​គ្រឿង​សក្ការបូជា​ទេវតា​ មាន​ជា​អាទិ​ បាយ​សី​ ៩ ថ្នាក់​មួយ​គូ​ ស្លាធម៌​មួយ​គូ​ ទឹកអប់​មួយ​គូ​( ទៀន​៥​ ធូប​៥​) ​លាជ​៥ ផ្កា៥​ ដាក់​លើ​ ជើង​ពាន​មួយ​គូ ចេក​នួន​ ចេក​ណាំ​វ៉ា​ជើង​ពាន​មួយ​គូ​ ផ្លែ​ឈើ​១១ ​មុខ​ រៀប​ដាក់​​ជើង​ពាន​មួយ​គូ​ ដូង​ឡៅ​មួយ​គូ​ ទឹក​ស្អាត​ពីរ​កែវ។ ​ឆ្នាំ​នេះ​គួរ​រក​ផ្លែ​ឧទុម្ពរ ​ ដាក់​ទទួល​វេតា​ផង ព្រោះ​ជា​ភក្សាហារ របស់​ទេព​ធីតា។
​ សម្រេច​ហើយ​ នៅ​វេលា​ម៉ោង​ ដែល​ទេព​ធីតា​ចុះ​មក​ត្រូវ​ជួប​ជុំ​ក្រុម​គ្រួសារ​ដើម្បី​ថ្វាយ​បង្គំ​ព្រះ នមស្សការ​ព្រះ​ រតនៈ​ត្រ័យ​ សមាទានសីល​ ហើយ​តាំង​ចិត្ត​ ឲ្យ​បាន​ស្អាត​បរិសុទ្ធ​ ជ្រះ​ស្រឡះ​នូវ​មន្ទិល​ទាំង​ពួង​ តម្កល់​ចិត្ត​រំពឹង​គិត​ទៅ​លើ​ ព្រះ​ពុទ្ធ​ ព្រះ​ធម៌​ ព្រះ​សង្ឃ​ជាទី​ពឹង​លុះ​ចប់​ពិធី​ទទួល​ទេវតា។
​ ​លោក​ អ៊ឹម​ បូរិន្ទ បាន​បន្ថែម​ថា​ ទំនាយ​ឆ្នាំ​ថ្មី​នេះ​អាច​មាន​ទឹក​ជំនន់​ ប្រហាក់​ប្រហែល​ឆ្នាំ​២០០០​ ក្នុង​កម្រិត​ ១៥​/១៦​ គឺ​មាន​សំណល់​(១៥​)។ ​ប៉ុន្តែ​ទោះ​យ៉ាង​ណា​ ​ទំនាយ​ធ្វើ​ស្រែ​សម្រាប់​ឆ្នាំ​ថ្មី​នេះ​ ​​​មាន​​សេស​(១)​ ទំនាយ​ថា​​ ស្រែ​ដី​ទួល​​ និង​ស្រែ​ដី​ទំនាប​ បាន​ផល​ដូច​គ្នា​ ដោយ​មាន​​ភ្លៀង​ដើម​ឆ្នាំ​​ច្រើន​ កណ្ដាល​ឆ្នាំ​ល្អ​ ចុង​ឆ្នាំ​តិច​៕ប្រភពពី សប្បាយ

​អត្ថបទ៖ ម៉ៃ សុខលីម