ពហុកីឡាដ្ឋានជាតិថ្មី ត្រូវបានរាជរដ្ឋាភិបាលបើកការដ្ឋានសាងសង់ នៅជាយក្រុង
0
9:33 AM
ប្លង់បង្ហាញទិដ្ឋភាពពហុកីឡាដ្ឋានជាតិថ្មី មរតកតេជោ
ពហុកីឡាដ្ឋានជាតិ មរតកតេជោ ដែលជាពហុកីឡាដ្ឋានជាតិធំទំនើប លំដាប់ខ្នាតអន្តរជាតិ ត្រូវបានបើកការដ្ឋានសាងសង់ នាព្រឹកថ្ងៃសុក្រ ទី១២មេសានេះ។ ពហុកីឡាដ្ឋានជាតិ នៅជាយក្រុង គ្រោងនឹងសាងសង់បញ្ចប់ នៅឆ្នាំ២០២២។ តែក្នុងដំណាក់កាលដំបូង រយៈពេល ៣២ ខែ នឹងត្រូវចំណាយថវិកាជិត ៣៩ លានដុល្លារអាមេរិក។ ការសម្រេចចិត្តសាងសង់ពហុកីឡាដ្ឋានជាតិថ្មីនេះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសនៅព្រឹកមិញថា មួយផ្នែក ដើម្បីអភិវឌ្ឍវិស័យកីឡារបស់កម្ពុជា និងមួយផ្នែកទៀត សម្រាប់កម្ពុជាឈានឆ្ពោះ ទៅធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាតំបន់អាស៊ាន ហៅថា Sea Grame នៅឆ្នាំ២០២៣។
ក្នុងពិធីបើកការដ្ឋានសាងសង់ពហុកីឡាដ្ឋានជាតិថ្មី ដែលមានឈ្មោះថា “មរតកតេជោ” នៅបាក់ខែង ជិតស្ពានព្រែកព្នៅ ជាយទីក្រុងភ្នំពេញ នៅព្រឹកថ្ងៃសុក្រនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ការចំណាយថវិកាសម្រាប់សាងសង់ពហុកីឡាដ្ឋានជាតិថ្មីនោះ ត្រូវបានធ្វើឡើងតាមរយៈថវិកា ដែលបានមកពីការវិនិយោគដីសម្បទានរបស់រដ្ឋ ទៅឲ្យក្រុមហ៊ុនឯកជន របស់លោកឧកញ៉ា លី យ៉ុងផាត់ ដែលលោកនាយករដ្ឋមន្ត្រី ហៅថា ធ្វើតាមរូបភាព “ស្លឹកត្នោត ខ្ចប់ស្ករត្នោត”។
ចំពោះការជ្រើសរើសយកទីតាំង ដែលមានចម្ងាយ ១៥ គីឡូម៉ែត្រ ពីទីប្រជុំក្នុងក្រុងភ្នំពេញ ដើម្បីសាងសង់ស្តាតថ្មីនេះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា នៅទីតាំងដីរបស់លោក លី យ៉ុងផាត់ ទៅថ្ងៃមុខ នឹងក្លាយជាទីក្រុងរណប ដោយមានសណ្ឋាគារផ្កាយប្រាំ និងតារាងវាយកូនហ្គោល ហើយក៏មានផ្លូវជាតិឆ្លងកាត់ខ្វាត់ខ្វែងផងដែរ។ ស្តាតថ្មីនោះ ស្ថិតនៅចន្លោះពីផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៦ ជិតស្ពានព្រែកព្នៅ។
ពហុកីឡាដ្ឋានជាតិមរតកតេជោ នឹងត្រូវសាងសង់លើផ្ទៃដី ទំហំជាង ៨៥ ហិកតា ក្នុងតំបន់អភិវឌ្ឍន៍របស់លោកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា និងជាមហាសេដ្ឋី អ្នកជំនួញ ចូលហ៊ុននឹងអ្នកជំនួញថៃ។ សំណង់ពហុកីឡាដ្ឋានជាតិមរតកតេជោ នឹងត្រូវសាងសង់ជា ៣ ដំណាក់កាល។ ដំណាក់កាលទី១ មានរយៈពេលសាងសង់ ៣២ ខែ មានមណ្ឌលកីឡាក្នុងសាលមណ្ឌលកីឡាហែលទឹក សាលហាត់កីឡាប្រយុទ្ធ អគារស្នាក់នៅ អាហារដ្ឋាន និងទីលានហ្វឹកហាត់ក្រៅអគារ។
ក្នុងដំណាក់កាលទី១នេះ ត្រូវចំណាយថវិកាជិត ៣៩ លានដុល្លារ។ ដំណាក់កាលទី២ ប្រើរយៈពេល ៣៦ ខែ ដើម្បីសាងសង់កីឡាដ្ឋាន ដែលអាចទទួលទស្សនិកជនប្រមាណជាង ៧ ម៉ឺននាក់ និងដំណាក់កាលទី៣ ប្រើរយៈពេល ៤០ ខែ មានសាលវេជ្ជសាស្ត្រ វិទ្យាសាស្ត្រកីឡា និងសាលហាត់សាច់ដុំ សាលកាយសម្ព័ន្ធ សាលកីឡាបាញ់កាំភ្លើង មជ្ឈមណ្ឌលកីឡាហុកគី និងសាលកីឡាប្រពៃណី។
តាមលោកនាយករដ្ឋមន្ត្រី ពហុកីឡាដ្ឋានជាតិថ្មីនោះ ត្រូវបានសាងសង់ឡើងស្របតាមស្តង់ដារអន្តរជាតិ ដែលបានធ្វើការសិក្សាពីពហុកីឡាដ្ឋាន ឈៀងម៉ៃ របស់ប្រទេសថៃ ពហុកីឡាដ្ឋានរបស់ឥណ្ឌូនេស៊ី និងពហុកីឡាដ្ឋានរបស់ប្រទេសភូមា។
ពហុកីឡាដ្ឋានជាតិ មរតកតេជោ នឹងត្រូវប្រើប្រាស់សម្រាប់កម្ពុជា ធ្វើម្ចាស់ផ្ទះរៀបចំប្រកួតកីឡាស៊ីហ្គេម នៅឆ្នាំ២០២៣។ មួយវិញទៀត លោកនាយករដ្ឋមន្ត្រី ក៏បានអះអាងថា ពហុកីឡាដ្ឋានជាតិថ្មីនោះ ក៏ដើម្បីពង្រឹងវិស័យកីឡា ដែលជាផ្នែកមួយនៃការអភិវឌ្ឍន៍ធនធានមនុស្សរបស់កម្ពុជា។
ក៏ប៉ុន្តែមហាជន មានការព្រួយបារម្ភថា នៅពេលមានស្តាតថ្មីនោះ តើពហុកីឡាដ្ឋានជាតិ អូឡាំពិក ដែលបន្សល់ទុកពីសម័យសង្គមរាស្ត្រនិយម របស់សម្តេចព្រះនរោត្តម សីហនុ មិនដឹងថា នឹងត្រូវលោក ហ៊ុន សែន ផ្ទេរទៅឲ្យក្រុមហ៊ុនឯកជន សាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងផ្ទះល្វែងទំនើប ដូចតំបន់នៅជុំវិញ ឬយ៉ាងណាទេ? ប្រភពពី (RFI)