ព្រះមហាក្សត្រជូនពរអោយមិត្តភាពកម្ពុជា-ចិនរីកចំរើនឥតឈប់ឈរ
ព្រះមហាក្សត្រព្រះបាទព្រះបរមនាថ នរោត្តមសីហមុនី
ព្រះមហាក្សត្រ ព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី
និងសម្តេចម៉ែនរោត្តម មុនីនាថ សីហនុបានមានព្រះរាជបន្ទូលថា
ព្រះអង្គទាំងពីរបានពេញព្រះទ័យយ៉ាងខ្លាំងចំពោះទំនាក់ទំនងជា
មិត្តភាព និងជាប្រវត្តិសាស្ត្រ រវាងកម្ពុជានិងចិន
ដែលរីកចំរើនទៅមុខឥតឈប់ឈរ។ នៅក្នុងព្រះរាជសារអបអរសាទរ
ប្រធានាធិបតីថ្មីរបស់ចិន គឺលោកស៊ី ជីនពីង ព្រះមហាក្សត្រ
និងសម្តេចម៉ែក៏បានថ្លែងអរគុណមេដឹកនាំរបស់ប្រទេសចិនដែលនៅតែយក
ចិត្តទុកដាក់ចំពោះព្រះអង្គទាំងពីរ ទាំងការគង់នៅក្នុងដំណាក់ប៉េកាំង
និងការបន្តពិនិត្យព្រះរាជសុខភាព។
ព្រះអង្គបានមានព្រះរាជបន្ទូលបែបនេះ នៅក្នុងព្រះរាជសារមួយអបអរសាទរលោកស៊ី ជីនពីង ដែលបានឡើងកាន់ដំណែងប្រធានាធិបតីរបស់ប្រទេសចិន។ ព្រះរាជសារនេះត្រូវបានផ្សព្វផ្សាយនៅក្នុងគេហទំព័ររបស់សម្តេចឪ នរោត្តម សីហនុ។
ក្នុងន័យកោតសរសើរមេដឹកនាំនៃប្រទេសចិន ព្រះមហាក្សត្រខ្មែរនិងសម្តេចម៉ែ ក៏បានមានព្រះរាជឱង្កាផងដែរ រម្លឹកប្រាប់លោកប្រធានាធិបតីចិនថា ថ្នាក់ដឹកនាំគ្រប់ជំនាន់នៃរដ្ឋាភិបាលចិនបានពង្រឹងនិងពង្រីករក្សា យ៉ាងខ្ជាប់ខ្ជួនឥតងាករេនូវចំណងមិត្តភាព មេត្រីភាពជាភាតរៈរវាងប្រជាជាតិនិងប្រជាជនទាំងពីរ កម្ពុជា-ចិន។ ចំណងមិត្តភាពនេះដែលបានកើតឡើងតាំងពីឆ្នាំ ១៩៥៥ ដោយសម្តេចឪនរោត្តម សីហនុ និងអតីតនាយករដ្ឋមន្ត្រីចិន លោកជូ អេនឡាយ។
នៅក្នុងព្រះរាជសារដដែលនោះ ព្រះមហាក្សត្រ និងសម្តេចម៉ែមុនីនាថ សីហនុដែលទើបតែយាងពីពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំង បានធ្វើព្រះរាជសំណេរប្រាប់លោកស៊ី ជីនពីង ថា ព្រះអង្គទាំងពីរក៏ដូចអតីតព្រះមហាវីរក្សត្រនរោត្តម សីហនុ ដែរ បានចាត់ទុកសាធារណរដ្ឋប្រជាមានិតចិន ជាមិត្តដ៏ល្អ ស្មោះត្រង់ ឥតកែប្រែ និងជាមាតុភូមិទី២របស់ព្រះអង្គទាំងពីរ។
បើយោងតាមព្រះរាជសារដដែលនោះ មេដឹកនាំនៃប្រទេសចិននៅតែទទួលស្វាគមន៍ព្រះមហាក្សត្រ និងសម្តេចម៉ែ អោយគង់នៅក្នុងរាជដំណាក់ប៉េកាំងបន្តទៀត ក៏ដូចជាការថ្វាយការពិនិត្យព្រះរាជសុខភាពថ្វាយព្រះអង្គទាំងពីរ។ ហើយថា ព្រះអង្គនឹងយាងទៅទទួលការពិនិត្យនិងព្យាបាលនៅក្នុងទីក្រុងប៉េកាំង តាមកាលកំណត់នៃក្រុមគ្រូពេទ្យចិនដ៏ចំណានៗ។
គួររម្លឹកផងដែរថា នៅថ្ងៃទី៦មេសាខាងមុខនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន គ្រោងដឹកនាំគណប្រតិភូជាន់ខ្ពស់របស់កម្ពុជាទៅទស្សនកិច្ច ក្នុងប្រទេសចិន ហើយលោកក៏នឹងជួបសំណេះសំណាលជាមួយមេដឹកនាំថ្មីរបស់ប្រទេសចិន ប្រជាមានិត៕rfi