សម្ដេច​ព្រះ​សង្ឃ​រាជ ជួន ណាត ជា​​មោទន​ភាព​​ជាតិ​​ខ្មែរ ជា​​​បេះ​ដូង​​ខ្មែរ​ មិន​មែន​​​ស្រា​​បៀរ​​ជា​​មោទនៈ​ភាព​​ជាតិ​​ខ្មែរ​​ទេ


រូបសំណាកសម្តេច​សង្ឃរាជ​ ជូន ណាត
សម្ដេចព្រះសង្ឃរាជ ជោត​ញ្ញា​ណោ ជួន ណាត ព្រះអង្គ​ទ្រង់​​ជា​ស្ដេច​​សង្ឃ​រាជ​ថ្នាក់​ទី​១​​នៃគណៈ​មហានិកាយ​ នៃ​ព្រះរាជា​ណា​ចក្រ​​​កម្ពុជា ក្នុង​​​​រជ្ជកាល​អតីត​​សម្ដេចព្រះ​នរោត្ដម សីហនុ​។ ទ្រង់​​បាន​អស់​ព្រះ​ជន្មា​យុ​​សង្ខា​​រយៈ​ពេល​៤៤​ឆ្នាំ​ហើយ​។ ​ក៏ប៉ុន្ដែ​ស្នា​ព្រះ​ហ​ស្ថ ព្រះកិត្តិនាម និង​ភាព​ជា​វិរៈបុរស​​ខេមរ​ជា​តិ​​របស់​ទ្រង់ នៅក្នុង​វិស័យ​ព្រះពុទ្ធសាសនា នៅ​តែ​​ដ​ក់​ជាប់​​ក្នុង​​ដួង​​ចិត្ដ​​​ប្រជា​រាស្ដ្រ​​​​ខ្មែរ​​គ្រប់​​ ស្រទាប់​​វណ្ណៈ​ជា​និច្ច​។ ពួកគេ​នៅតែ​រំលឹក​ពី​គុណូបការៈ​​គុណ​​ដែល​មិន​អាច​កាត់ថ្លៃ​បាន​ជា​រៀងរហូត​ ។​
​កំពុង​អង្គុយ​សំឡឹង​មើល​រូបសំណាក​ពណ៌​ខ្មៅ របស់​សម្ដេច​ព្រះ​សង្ឃ​រាជ ជួន ណាត ដែល​កសាង​ពី​ថ្ម ដែល​គេដាក់តាំង​ក្នុង​ទិវា​រំលឹក​ឧបការៈគុណ​ព្រះអង្គ និង​អង្គ​ជំនុំ​ព្រះត្រៃបិដក​ខ្មែរ រយៈពេល​បី​ថ្ងៃ កាលពី​ចុង​សប្ដាហ៏​មុន នៅទីធ្លា​វត្ដ​ព្រះរាជ​បូ​ព៌ ក្នុង​សង្កាត់​​ស្លក្រាម ក្រុង​សៀមរាប ដែល​មាន​ពុទ្ធ​បរិស័ទ្ធ​រាប់​ម៉ឺន​នាក់ ធ្វើពិធី​រាប់​បាត​ព្រះសង្ឃ​១​ពាន់​អង្គ​ផង​នោះ អ្នកស្រី ចិន ថា រៀបរាប់​ពី ស្នាព្រះហស្ត​អង្គ​បាន​បន្សល់ទុក ដូចជា​ការបកប្រែ​ភាសា​បាលី​មកជា​ ភាសាជាតិ​របស់​ខ្លួន​បាន ដែល​មនុស្ស​នៅលើ​ពិភព​លោក​ មិន​អាច​ធ្វើបាន​។


​សម្ដេច​សង្ឃ​ ជួន ណាត ដែល​​គាត់​បាន​លះបង់​នៅ​កាយ​​ដើម្បី​បុព្វ​ហេតុ​ប្រជារាស្ដ្រ ហើយ​កូនចៅ​ទាំងអស់ ហើយ​ខាង​ព្រះ​ពុទ្ធ​សាសនា មានដូចជា​សៀវភៅធម៌​ទាំងអស់​ហ្នឹងឯង​សំរាប់​ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​។​
​ស្ដ្រី​វ័យ​៥៦​ឆ្នាំ ដែលមាន​សំលៀក​បំពាក់​ពណ៌​ស ពាក់​សញ្ញា​សាសនា​ជាប់​នឹង​អាវ​ផង​នោះ គាត់​មក​ពី​ស្រុក​ជី​ក្រែង ខេត្ដ​សៀម​រាប​។ គាត់​​បន្ត​​ថា គាត់​មាន​សទ្ធា​ជ្រះថ្លា​យ៉ាង​ខ្លាំង ចំពោះ​សម្ដេច​ព្រះសង្ឃរាជ ជោត​ញ្ញា​ណោ ជួន ណាត ព្រោះថា ទ្រង់​ជា​ស្ដេច​សង្ឃ​​មួយ​អង្គ ដែល​បាន​បាន​បន្សល់ទុក​នូវ​ពាក្យ​ប្រៀន​ប្រដៅ​កូន​ចៅ​ខ្មែរ​នៅក្នុង​វិស័យ​​ ព្រះពុទ្ធសាសនា ឲ្យ​ស្គាល់​តែ​អំពើ​ល្អ ។
​នៅក្នុង​ទី​វត្ដ​អារាម នា​ថ្ងៃ​ទី​៦​ខែ​មេសា នា​ចុង​សប្ដាហ៏​មុន មាន​ពុទ្ធ​បរិស័ទ្ធ រាប់​ម៉ឺន​នាក់ បាន​ធ្វើ​ពិធី​បាត​ព្រះសង្ឃ​រាប់​ពាន់​អង្គ ដើម្បី​​ឧទិស​ព្រះ​វិញ្ញាណក្ខន្ធ​ ​ក៏​ដូច​ធ្វើ​ឧបការៈគុណ ជូន​សម្ដេច​ព្រះសង្ឃរាជ ជូន ណាត និង​អង្គ​ជំនុំ​ព្រៃ​ត្រៃ​បិ​ដក​ខ្មែរ​ផង​ដែរ​។ ដៃ​ម្ខាង​ចាប់​ចង្ហាន់ និង​ដៃ​ម្ខាង​ទៀត​កាន់​បច្ច័យ​ដាក់​ទៅ​បាត​ព្រះសង្ឃ អ្នកស្រី ទូច ភាលី​ណា អាយុ​ជិត​៥០ និយាយថា អ្នកស្រី មាន​អារម្ម​ណ៏​ជ្រះថ្លា​ក្រៃលែង​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា​។ គាត់​នៅ​តែ​ចងចាំ​ជានិច្ច​ចំពោះ​ឧបការៈគុណ​ដល់​សម្ដេច​សង្ឃ​រាជ ជួន ណាត និង​ក្រុម​អង្គ​ជំនុំ​ព្រះ​ត្រៃ​ដក​ខ្មែរ ដែល​បាន​ឲ្យ​កូន​ខ្មែរ​ស្គាល់​ពី​ធម៌​ព្រះពុទ្ធ​សាសនា ៖​ "ចា៎​នៅតែ​ឃើញ មើល​តាម​រូប​សំណាក ព្រះអង្គ​នៅតែ​មាន​ព្រះ​ជន​នៅឡើយ សូម​ឧទិស​ដល់​បុព្វការី​ជន​សម្ដេច​ជូន ណាត និង​ក្រុម​ជំនំ​ព្រៃ​បី​ដក់​ទាំងអស់គ្នា "។​
​លោក ហង្ស មុន្នី ជាអ្នក​ប្រតិបត្តិ​​ព្រះ​ពុទ្ធ​សាសនា​មួយ​រូប​ទៀត បាន​រំលឹកថា ព្រះ​កិត្ដិនាម​របស់​សម្ដេច​សង្ឃរាជ ជួន ណាត ត្រូវបាន​គេ​ចងក្រង​ពី​ជី​វប្រ​វត្ដិ និង​ដាក់​បង្ហាញ​រូបសំណាក​ពី​ភាព​អស្ចារ្យ​របស់​ទ្រង់​នៅតាម​សារ​មន្ទីរ​ វប្បធម៌​នានា និង​នៅ​ទីធ្លា​សាធា​រណៈ​​ផង​ដែរ​។ លោក​បន្ថែមថា ភាព​ល្បីល្បាញ​​របស់​​ព្រះ​អង្គ ធ្វើ​មនុស្ស​​ជំនាន់​​ក្រោយ​​ចង់​​យក​​គំរូ​តាម ៖ "​ឈ្មោះ​របស់​គាត់​គឺ​អស្ចារ្យ ហ្នឹង​ហើយ​ប្រជាជន​ខ្មែរ​នៅតែ​គោរព​ស្រឡាញ់​និង​កោត​ស​សើរ​សូប្បី​តែ​យើង​ទៅ ​ភូមិ​វប្បធម៌ ក៏​ឃើញ​គេ​ធ្វើ​រូប​សំណាក​ព្រះ​អង្គ​ចេញចូល​តែ​ង​គោរព​ព្រះអង្គ​"។​

សម្តេច​ព្រះសង្ឃ​រាជ ជួន ណាត
យោង ​តាម​ឯកសារ បង្ហាញថា សម្ដេចព្រះសង្ឃរាជ ជោត​ញ្ញា​ណោ ជួន ណាត ទ្រង់​កាន់តំណែង​ជា​សម្ដេចព្រះសង្ឃរាជ​ថ្នាក់​ទី​១ នៃ​​គណៈ​មហានិកាយ ក្នុង​ព្រះ​រាជា​ណា​ចក្រ​​កម​ម្ពុ​ជា ពី​ព​.​ស​​២៤៩២​​ដល់​​២៥១៣ ក្នុង​រជ្ជសម័យ​សម្ដេច​ន​រោត្តម​ សីហនុ​។ ស្នា​ព្រះ​​​​ហ​ស្ថ​ព្រះអង្គ​ដែល​ស្ថិត​ក្នុង​ប្រ​វត្ដិសាស្ដ្រ​​ខ្មែរ មិន​​រលាយ​​​សាប​សូន្យ និង​ពលរដ្ឋ​មិន​អាច​បំភ្លេច​បាន​ក្នុង​វិស័យ​ព្រះពុទ្ធ​នោះ គឺ​ព្រះ​​អង្គ​​បាន​ចងក្រង​បកប្រែ​ភាសា​លី មក​ជា​ភាសា​ជាតិ​ខ្លួន​​មុន​ដំបូង​​គេ​​លើ​​​ពិភពលោក សម្រាប់​​ទុក​ឲ្យ​ប្រជារាស្ដ្រ​ខ្មែរ រៀនសូត្រ​។ ព្រះ​​​អង្គ​​បាន​ចងក្រង​វចនានុក្រម​ជា​​ភាសា​ខ្មែរ និង​និពន្ធ​បទ​ចំរៀង ភ្លេង​នគររាជ គោរព​ទង់​ជាតិ ជាដើម។ ​នេះ​មិន​ទាន់​រាប់​ពី​ការ​កសាង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត​។ នៅ​​ឆ្នាំ​១៩៤២​ព្រះអង្គ ទទួលបាន​មុខងារ​ជា​ចាងហ្វាង សាលា​បាលី​ជាន់ខ្ពស់ នៅ​​ភ្នំពេញ និង​​ជា​ចៅអធិការ​វត្ដ​ឧណ្ណាលោម​នៅ​ឆ្នាំ​១៩៤៤ ​និង​មាន​មុខងារ​ជាច្រើន​ទៀត​។​ ​វិល​មក​យុវតី​ជំនាន់​ក្រោយ​វិញ។ កំពុង​រងចាំ​ព្រះសង្ឃ​និមន្ដ​​មក​ដល់ ដើម្បី​ដាក់​ចង្ហាន់​ក្នុង​បាត កញ្ញា ស៊ុម សិរី​ច​ន្ធូ និយាយថា នាង ជាមនុស្ស​ស្រី​ម្នាក់​ក្នុងចំណោម ស្ដ្រី​ជា​ច្រើន​ទៀត ដែល​ធ្លាប់​បួស​ជា​សង្ឃ​និង​សិក្សា​ព្រះធម៌​ព្រះពុទ្ធ​។ កញ្ញា​យល់ឃើញថា ធម៌​​ព្រះពុទ្ធ​ដែល​សម្ដេច​ព្រះសង្ឃរាជ ជួន ណាត បកប្រែ​ជា​ភាសា​ខ្មែរ​នោះ មិន​បាន​ឲ្យ​មនុស្ស​ធ្វើ​អំពើ​អាក្រក់​នោះទេ ៖ "​ខ្ញុំ​គិតថា សម្ដេចព្រះសង្ឃរាជ ជូន ណាត គឺ​ជា​សង្ឃ​មួយ​​អង្គ​ដែល​មាន​ស្នាដៃ​ល្អ​ធ្វើឲ្យ​ប្រទេស​ជាច្រើន​​នៅ​ទ្វីប ​អាស៊ី​ ទទួល​ស្គាល់​ព្រះ​​​អង្គ ដោយ​សារ​តែ​ទ្រង់មាន​ស្នាដៃ​ជាច្រើន​នៅ​ប្រទេស​កម្ពុជា ដូចជា​ធ្វើ​ប្រែ​ព្រះ​ត្រៃ​បី​ដក ហើយ​និង​ធ្វើ​វចនានុក្រម​ជាដើម"​។​
​យុវតី​​វ័យ​​២០​​ឆ្នាំ​​រូប​នោះ បន្ដថា បើទោះបី​កញ្ញា​នៅ​វ័យក្មេង តែ​កញ្ញា​ដឹងថា កាលពី​សម័យ​អាណានិគម​បារាំង អក្ស​សាស្ដ្រ​ខ្មែរ​ស្ទើរ​តែ​​លុបបំបាត់​ទៅហើយ​។ ក៏ប៉ុន្ដែ​ដោយសារតែ​មាន​សម្ដេច​ព្រះ​រាជ ជួន ណាត បាន​បំផុសបំផុល​ឲ្យ​កូន​ខ្មែរ​គ្រប់រូប​ប្រឆាំង​និង​អាណានិគម​បារាំង​ទាមទារ ​យក​មក​វិញ​ ៖ "ចង់​ដូច​ដែរ តែ​តាម​​​គិត​ទៅ​សម្ថ​ភាព​មិន​ដល់​ព្រះ​អង្គ​​ទេ ព្រោះ​អី​ព្រះអង្គ​ជា​សង្ឃ​មួយ​​អង្គ​ដែល​មាន​ភាព​វ័យឆ្លាត​មែនទែន តាំងពី​កុមារភាព​រហូតដល់​ទ្រង់​សុគត ប៉ុន្ដែ​បើ​ទោះបី​នាង​ខ្ញុំ​មិន​ដូច​ព្រះអង្គ​ក៏​ដោយ​ក៏​នាង​​ខ្ញុំ​ ប្ដេជ្ញាចិត្ដ​ថា​នឹង​ខំប្រឹប្រែង​រៀនសូត្រ ​ដើម្បី​ឲ្យ​ប្រទេសជាតិ​រីកចម្រើន និង​លុបបំបាត់​អំពើពុករលួយ គឺ​ចង់​យក​គំរូ​តាម​ទី​១ គឺ​ចេះ​ច្រើន​ភាសារ​ដូច​ព្រះអង្គ ហើយ​ទី​២ ចង់​សិក្សា​ស្វែងយល់​ពី​អក្ស​សាស្ដ្រ​ខ្មែរ​ដូច​ព្រះអង្គ​"។​
​យុវតី​​រាងស្ដើង​សំបុរ​ស្រអែម ដែល​មាន​ពាក់​រូបថត​សម្ដេចព្រះសង្ឃរាជ នៅជាប់​នឹង​ខ្លួន​ផង​នោះ បន្ដថា យុវជន​ខ្មែរ​ជំនាន់​ក្រោយ​មួយចំនួន​តូច​ មិនសូវ​យកចិត្ដទុកដាក់​ស្វែង​យល់​ពី​អក្សរ​សាស្ដ្រ​ខ្មែរ និង​សិក្សា​ផ្នែក​ធម៌​ព្រះពុទ្ធ​សាសនា​​នោះ​​ទេ គឺ​​គិត​តែ​សប្បាយ​​​ភ្លើត​ភ្លើន​​ភ្លេច​វប្បធម៌​របស់​ខ្លួន ៖ "គឺ​ដោយសារ​សង្គម​អូសទាញ អញ្ចឹង​ហើយ​ធ្វើឲ្យ​យុវ័យ​ភាគច្រើន ជា​ពិសេស​អ្នក​នៅ​តាម​ទីក្រុង​ គឺ​គាត់​អត់​បាន​ខ្វល់ខ្វាយ​ពី​រឿង​អក្ស​សាស្ដ្រ​ខ្មែរ ​ឬក៏​រៀន​សូត្រធម៌​អា​ភាសាបាលី​អី​ទេ​គឺ​គាត់​គិត​ពី​សប្បាយ និយាយ​ទៅ​​រឿង​សប្បាយ​គេ​អូសទាញ​យើង​លឿន​ណាស់ ប៉ុន្ដែ​រឿង​ល្អ​គឺ​គាត់​ធ្វើ​បាន​ដោយ​កម្រ ដូច​ពាក្យ​មួយ​គេ​និយាយថា​អំពើ​ល្អ​ធ្វើ​បាន​ដោយ​កម្រ អំពើអាក្រក់​ធ្វើបាន​ដោយ​ងាយ​"។
​សម្ដេចព្រះសង្ឃរាជ មហាសុមេធាធិបតី (​ជោត​ញ្ញា​ណោ​) ជូន ណាត ប្រជាជន​ខ្មែរ ចាត់ទុក​ព្រះអង្គ​ថា គឺជា​មហា​វីរៈបុរស​ខេមរៈ​ជាតិ​​ដី​ល្បាញ​មួយអង្គ នៅ​ទូទាំង​ប្រទេស​និង​លើ​ឆាក​អន្ដរជាតិ​។​
នៅក្នុង​ពិធី​រំលឹក​ព្រះ​ឧបការៈគុណ​ទ្រង់​និង​អង្គ​ជំនំ​ព្រៃ​ត្រៃបិដក​ ខ្មែរ ព្រះសង្ឃ​បាន​សម្ដែងធម៌​ទេសនា​ឲ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់រូប​ចងចាំ​ថា សម្ដេចព្រះសង្ឃរាជ ជួន ណាត ជា​មោទន​​ភាព​ជាតិ​ខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន​ ណាត ជា​បេះដូង​ខ្មែរ មិនមែន​យក​ស្រា​បៀរ​​ទៅ​ផ្សាយ​ជា​មោទន​ភាព​ជាតិ​ខ្មែរ​ទៅ​វិញ​នោះ​ទេ​៕ប្រភពពី ​សំឡេងប្រជាធិបតេយ្យ VOD

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.